ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៦០ គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៥ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់ ៤ រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២បន្តទៀតនោះ។
សម្រាប់ការប្រកួតជម្រុះលើកទី៥នេះ សូត្រ ខេវិន អ្នកប្រដាល់ក្លិបបក្សីស្លាបដែក នឹងជួបប្រកួតជាមួយណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គី ខេត្តបាត់ដំបង ។ ការប្រកួតក្នុងដំណាក់ទី១នេះ គឺប្រកួតតែបីទឹកទេ ដោយក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ការជួបគ្នារវាងសូត្រ ខេវិន និង ណាម ម៉ូរ៉ាក់ នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា សូត្រ ខេវិន ទំនងជាមិនឈ្នះណាម ម៉ូរ៉ាក់ នោះឡើយ។ ព្រោះណាម ម៉ូរ៉ាក់ គេជាអ្នកប្រដាល់ជើងចាស់ និងបទពិសោធន៍ច្រើនក្នុងការប្រកួត។ ឯ សូត្រ ខេវិន ថ្វិត្បិតតែបានកម្ពស់ តែគេនៅខ្ចី បទពិសោធន៍ ហើយមួយទៀត កម្លាំងស៊ុហ្វរបស់គេនៅមិនទាន់រឹងមាំនៅឡើយ។ ចាំមើល តើរវាងណាម ម៉ូរ៉ាក់ និង សូត្រ ខេវិន តើនរណាឈ្នះនោះ ?។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង លី ភា អ្នកប្រដាល់ក្លិបសំរោងកោងមកពីខេត្តបាត់ដំបង និង ពុទ្ធ សំបូរ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ដោយសារពួកគេទាំងពីរ មានកម្រិតទីតាំងសមត្ថភាពខុសគ្នា គឺពុទ្ធ សំបូរ ជាអ្នកប្រដាល់ស្រករក្រោយ ឯ លី ភា ជាអ្នកប្រដាល់ស្រករមុន។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា លី ភា អាចយកឈ្នះពុទ្ធ សំបូរ បានឬអត់នោះទេ ? ព្រោះថា ពុទ្ធ សំបូរ គេមានកម្ពស់ខ្ពស់ ស្នៀតប្រដាល់ល្អ និងមានកម្លាំងកាយសម្បទារឹងមាំ ហើយណាមួយលើកនេះ ជាការប្រកួតដែលមិនអាចធ្វេសប្រហែសបាន គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថា នរណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់៦០គីឡូក្រាម មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។
ឆ្លងកាត់ការប្រកួតជម្រុះ៤សប្តាហ៍កន្លងមកនោះ គឺរកឃើញអ្នកប្រដាល់ខ្លាំងចំនួន ៨ រូបហើយ រួមមាន គឺម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ , សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប, កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម , តាំង តាក់ ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , វុត្ថា លាន់លិញ ក្លិបអង្គរធំគុនខ្មែរ ,ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគិរី និង ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ៕
Source: Kampuchea Thmey Daily
0 Comments