ឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងកម្ពុជា នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវគេផ្គូអោយជួបអ្នកប្រដាល់ថៃ Farshootsai Petchchinda នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រទី០៦ខែកក្កដា ឆ្នាំ២០១៨នេះ។ ឡៅ ចិត្រា និង Farshootsai ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
Farshootsai អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនដងហើយ កន្លងមក ដោយវាយមានឈ្នះ មានចាញ់ជាមួយអ្នកប្រដាល់កម្ពុជាយើង ។ពិសេសនោះ Farshootsaiធ្លាប់ប្រកួតជាមួយបងរបស់ចិត្រា គឺឡៅ ចន្ទ្រា ចំនួន២លើក ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គូបូតា កាលពីឆ្នាំ២០១៦-២០១៧កន្លងមក។
ដូច្នេះ ក្នុងការប្រកួតនេះ ឡៅ ចិត្រា មិនអាចមើលស្រាល Farshootsai នោះឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនធម្មតានោះឡើយ ។រវាងឡៅ ចិត្រា និង Fashootshai មិនធ្លាប់ជួបគ្នា កន្លងមកនេះ ។ នេះជាលើកទី១របស់អ្នកប្រដាល់ទាំងពីរជួបប្រកួតគ្នា ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ? ។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេងនិងទម្ងន់ដូចគ្នានោះ ហើយយ៉ាងណាឡៅ ចិត្រា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ ។ ចិត្រា ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។ និយាយជារួម ចិត្រា ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ថៃ Fashootshaiបានមិនខាន។
Fashootsai ក៏ជាអ្នកប្រដាល់ថៃម្នាក់ដែលខ្លាំងដែរ ។ គេមានប្រវត្តិប្រកួត ៩៩លើក ឈ្នះ៧៤លើក ចាញ់២៤លើក ស្មើ០៥លើក និងផ្តួលគូប្រកួតអោយសន្លប់ចំនួន១៥លើក ។អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់វាយឈ្នះ សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ២ក្នុងទឹកទី៣ គេឈ្នះឈឿន ឆៃដែន ក្លិបនិរោធមានជ័យក្នុងទឹកទី១ តែគេក៏ធ្លាប់ចាញ់ផល សោភ័ណ្ឌ ដោយសន្លប់ក្នុងទឹកទី៣ម្តងនិងចាញ់សោភ័ណ្ឌដោយពិន្ទុម្តង ហើយនិងចាញ់ឡៅ ចន្ទ្រាដោយពិន្ទុនោះ។ ចាំមើល Fashootsai គេអាចយកឈ្នះ ឡៅ ចិត្រា បានដែរឬអត់ នៅក្នុងការជួបប្រកួតគ្នាលើកដំបូងនេះ ?។
ចំណែក នូវ ដារ៉ូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃSenmuengnoy Por.Aw Thalebangsare ដោយប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០ គ.ក្រ ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេកន្លងមក។
នូវ ដារ៉ូ ជាអ្នកប្រដាល់ស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃទើបតែបាន៤លើកប៉ុណ្ណោះ ។ដូច្នេះ លើកនេះជាលើកទី៥ ដែលគេជួបប្រកួតជាមួយថៃនោះ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ (១០មិថុនា២០១៨) គេបានវាយចាញ់ថៃ Jaisingha ដោយពិន្ទុ។
នូវ ដារ៉ូ មានប្រវត្តិប្រកួតប្រមាណជា៥០លើក ក្នុងនោះវាយឈ្នះ៣៦លើក ចាញ់១០ លើក និងស្មើ ០៤លើក ។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ដារ៉ូអាចយកឈ្នះ Senmuengnoy បានឬក៏អត់នោះទេ?។
Senmuengnoy ជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្តាប់ដៃល្អ ។ដូច្នេះ នូវ ដារ៉ូ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះមានស្នៀតប្រដាល់ល្អនិងខ្លាំង ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៥៨លើក ចាញ់១០លើក និង ស្មើ០១លើក ។ ចាំមើល រវាងនូវ ដារ៉ូ និងSenmuengnoy តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ?។
ដោយឡែក សម្រាប់ការប្រកួតជម្រុះរកអ្នកខ្លាំង ដើម្បីឈានទៅប្រកួតដណ្តើមខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមនោះ រិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ នឹងជួបប្រកួតជាមួយបឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក។ រវាង រិទ្ធ អាទិត្យ និង បឺត សង្ឃឹម មិនធ្លាប់ជួបគ្នាទេកន្លងមក ។ ដូច្នេះសម្រាប់ការមកប្រកួតលើកនេះ មិនដឹងថាឈ្នះឬចាញ់ នោះទេ ?។
ចំណែក ផាន ផាត់យុទ្ធ អ្នកប្រដាល់សាលវ័ន្តកីឡា ត្រូវជួបជាមួយសយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ។ ផាន ផាត់យុទ្ធ ជាអ្នកប្រដាល់ជើងខ្លាំង ក្នុងចំណោមអ្នកប្រដាល់៤រូបក្នុងពូលB ដែលចូលរួមក្នុងការប្រកួតជម្រុះនេះ។ ចាំមើល សយ សី អាចយកឈ្នះផាន ផាត់យុទ្ធ បានឬអត់?នោះ៕
Source: Kampuchea Thmey Daily
0 Comments