Ad Code

Pheach Aroun សងសឹក​ឡុង សុ​ភី មិន​បាន​សម្រេច ខណៈ​ខាំ ខ្លា​នាង ចាញ់​Nok Krachieb ទឹក​២



ឡុង សុ​ភី អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​សាល​វ័​ន្ត​កីឡា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Pheach Aroun ដែល​មក​សុំ​សងសឹក​វិញ កាលពី​ល្ងាច​ថ្ងៃទី​៣០​ ខែ​មិថុនា ឆ្នាំ​២០១៨ នៅលើ​សង្វៀន​Carabao របស់ SEA-TV។

ឡុង សុ​ភី និង Pheach Aroun នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម ។ សុ​ភី​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ថ្វីដ្បិតតែ​ធ្លាប់​ចាញ់ក្តី តែ​គេ​វាយ​ខ្លាំង​ហើយ មាន​បច្ចេកទេស ប្រកួត​ល្អ​ថែមទៀត ។

នេះ​ជាការ​បរាជ័យ​លើក​ទី​៣​ហើយ​របស់ Pheach Aroun ដែល​ជួប​ប្រកួត​ជាមួយ​ឡុង សុ​ភី​នោះ ។ ក្នុងជំនួប​៥​លើក​ជាមួយ​ឡុង សុ​ភី ទាំង​លើកចុងក្រោយ​នេះ​ផង អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចាញ់​ឡុង​សុ​ភី ៣​លើក ឈ្នះ​១ ស្មើ​១​លើក។

ចំពោះ​ខាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Nok Krachieb វិញ​នោះ ត្រូវ Nok Krachieb វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ តាមពិត​ខាំ ខ្លា​នាង ត្រូវ​ចាញ់​តាំងពី​ក្នុង​ចុង​ទឹក​ទី​១​ម្ល៉េះ ក្រោយ​ពេលដែល Nok Krachieb ដាល់​ត្រូវ​កណ្តាល​មុខ​ឡើង​វង្វេងទិស ហើយ​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ដល់​ទៅ​ពីរដង​នោះ បើ​កុំ​តែ​ស្នូរ​ជួង​បញ្ចប់​ទឹក​១​បន្លឺឡើង​ទាន់ ម្ល៉េះ​សន្លប់​បាត់ទៅហើយ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គ​.​ក្រ។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដែល​ឡើងមក​សងសឹក ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​នោះ បាន​ចាញ់​ង៉ែត វុ​ធ ក្នុង​ទឹក​ទី​២​។

សេក គឹម​សាន្ត ចាញ់​ដោយសារតែ​គេ​វាយ​ថែម​ទៅលើ​ង៉ែត វុ​ធ (​ទាត់​ត្រូវ​មុខ​ង៉ែត វុ​ធ​) ពេលដែល​ង៉ែត វុ​ធ ដួល​លើ​រេញ​ហើយ​នោះ​។​ដោយសារ​យ៉ាង​នេះហើយ ទើប​អាជ្ញាកណ្តាល​អោយគេ​ចាញ់​តែម្តង ។ ពួកគេ​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​សេក គឹម​សាន្ត ធ្លាប់​ចាញ់​ង៉ែត វុ​ធ ពីរដង​ហើយ​កន្លងមក ។ រីឯ សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដែល​ឡើងមក​សងសឹក ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដែរនោះ ក៏​បរាជ័យ​ដែរ ដោយ​វាយ​ចាញ់​ផាន រះ​ក្នុង​ទឹក​ទី​២ ដែរ៕

លី ភា ចាញ់ Yorth Ranong , ឯម ឡេង​លី ឈ្នះ Hosein
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ Yorth Ranong ហើយ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hosein ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃទី​៣០​មិថុនា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

លី ភា ដែលជា​អ្នក​ប្រដាល់​ចិត្តធំ​នោះ វាយ​ចាញ់ Yorth Ranong ដាច់​តែម្តង ប៉ុន្តែ​សកម្មភាព​ប្រកួត​របស់គេ​ប្រាំ​ទឹក​នោះ គឺ​ដើរចូល​វាយ​ថៃ​រហូត តែ​ដើរចូល​ទៅអោយគេ​វាយ​ប៉ុណ្ណោះ ។​ជា​លើក​ទី​២ ដែល​លី ភា ប្រកួត​ជាមួយ​ថៃ​ហើយ​ចាញ់​ថៃ​នេះ ខុសពី​ការប្រកួត​ជាមួយ​ថៃ​លើក​ទី​១​នោះ គេ​បាន​ផ្តួល​Kiev Ba អោយ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ។
​ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​ផ្តួល​អ្នក​ប្រដាល់​Iran​ឈ្មោះ Hosein អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

Hosein ត្រូវ​ឯម ឡេង​លី វាយ​កែង​ពុះ​បែកក្បាល ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង និង​ដួល​លើក​ទី​២ ដោយ​ត្រូវ​កណ្តាប់ដៃ​វាយ​សន្ធាប់​របស់​ឡេង​លី ធ្វើអោយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ដួល​លែង​ក្រោក​តែម្តង ។

ឡេង​លី ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​៣៦​លើក​ក៏ដោយ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ទើបតែ​ស្គាល់​ចាញ់​៥​លើក​ប៉ុណ្ណោះ ។ កាលពី​ប្រកួត​លើក​មុន ជាមួយ​អ្នក​ប្រដាល់​ថៃ Laypayak គេ​វាយ​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​តែម្តង ហើយ​ពេល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រុស្សី​Arthur Shushinsky ឡេង​លី​បាន​ផ្តួល​អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ទៀត​។
​អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ ហុង ជី​វ៉ុ​ង ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​វាយ​ចាញ់ ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្លិប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។

មាស សុជាតិ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ​ម៉ុ​ត ខ្លឹម​ខ្មៅ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​មានឈ្មោះ​បោះ​សម្លេង​ជាងមាស សុជាតិ​។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​នោះឡើយ​កន្លងមក ។​ចំណែក វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។​ពួកគេ ជួបគ្នា​ក្នុង ទម្ងន់​៥៤ គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu