ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង១២នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណាត់ផ្លូវជាតិលេខ១៧៤ ត្រង់ចំណុច មុខសាលាបឋមសិក្សាអន្លង់វែង ស្ថិតនៅ ភូមិថ្នល់កែង ឃុំ - ស្រុកអន្លង់វែង រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់០១នាក់ ភេទប្រុស របួស២នាក់ ភេទប្រុស ( របួសធ្ងន់ ១ នាក់ ) និងខូចម៉ូតូ ២ គ្រឿង។
ភាគីរងគ្រោះឈ្មោះ សាទ គង្គារ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំ-ស្រុកអន្លង់វែង បើកបរ ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១C ៦៤៨៦ បើកបរពីលិចទៅកើត ទៅបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យស្លាប់។
ភាគីបង្ក ឈ្មោះ លាស រាជ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិ ស្លែងពណ័ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C 1620 រងរបួសធ្ងន់បាក់ដងកាំបិតខាងឆ្វេង បើកបរពីកើតទៅលិច អ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ សុខ សែន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិ ជាមួយគ្នា រងរបួសស្រាល។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីភាគីបង្កបើកបរលឿន។ ករណីនេះ កម្លាំងជំនាញ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់ហេតុ ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments