ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០គីឡូក្រាម នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការប្រកួតសម្រាប់សប្តាហ៍ទី២ លើកទី១នោះ អ្នកប្រដាល់ខ្មែរឌុម កែវដា ក្លិបមកុដរាជសីហ៍បានវាយចាញ់ថៃដោយពិន្ទុ ហើយឡុង សំណាង ក្លិបសាលវ័ន្តកីឡា បានឈ្នះថៃក្នុងទឹកទី៥។
ឌុម កែវដា គេវាយចាញ់អ្នកប្រដាល់ថៃPek Thiengដោយពិន្ទុ ក្រោយពីប្រកួតគ្នា៥ទឹកពេញនោះ ។ កែវដា ចាញ់Pek Thiengមិនជាឯកច្ឆ័ន្ទទេ គឺចាញ់១ទល់៤ ដោយក្នុងចំណោមចៅក្រម៥រូប មាន៤រូបបានផ្តល់ពិន្ទុអោយថៃឈ្នះ និងមានតែម្នាក់ប៉ុណ្ណោះ ដែលអោយឌុម កែវដាឈ្នះនោះ ។
ជាមួយនឹងការបរាជ័យនេះ ឌុម កែវដា គេទទួលបាន១ពិន្ទុ ឯអ្នកប្រដាល់ថៃ Pek Thieng គេបានទទួល៣ពិន្ទុ សម្រាប់ការប្រកួតជម្រុះលើកដំបូងរបស់ពួកគេទាំងពីរនាក់នេះ ។
ចំពោះ ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាវិញ គេបានឈ្នះលើអ្នកប្រដាល់ថៃ Fa Nemith ក្នុងទឹកទី៥ ។ ការឈ្នះរបស់ឡុង សំណាង ដោយសារតែអ្នកប្រដាល់ថៃ Fa Nemith បានទាត់ថែមទៅលើមុខរបស់សំណាង ក្នុងពេលដែលសំណាងដួលលើរេញហើយនោះ ដែលនេះគឺខុសទៅនឹងបទបញ្ជានៃការប្រកួត ដួលហាមថែមនោះ ។
Fa Nemith គេបានវាយថែមលើឡុង សំណាង តាំងពីទឹកទី៣ម្ល៉េះ ហើយត្រូវអាជ្ញាកណ្តាលរាប់៨ម្តង ។ ដូច្នេះ Fa Nemith ជាមួយនឹងជ័យជម្នះនេះ គេទទួលបាន១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះលើកទី១នេះ ហើយឡុង សំណាង គេបាន៣ពិន្ទុ៕
មាស ច័ន្ទមាន បោះបង់ការប្រកួតក្នុងទឹកទី៣
មាស ច័ន្ទមាន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបកងពលធំអន្តរាគមន៍លេខ២ បានវាយចាញ់ថៃPhat Cha ក្នុងការជួបប្រកួតគ្នាកាលពីព្រឹកថ្ងៃទី០១កក្កដា២០១៨ នៅលើសង្វៀនBoostrong Fighter On Fire របស់SEA-TV។
ច័ន្ទមាន គេបោះបង់ចោលការប្រកួត នៅពេលដែលគេត្រូវមួយជង្គង់របស់Phat Cha ចំពោះទឹក ធ្វើអោយគេចុកចង់ចេញបាយនោះ ។ ត្រូវដំបូងមាស ច័ន្ទមានអត់មានឈឺអីទេ តែមួយសន្ទុះក្រោយមក ក៏ទម្លាក់ដៃអង្គុយលើរេញ យកដៃក្តោបពោះ ហើយអាជ្ញាកណ្តាលរាប់ដល់ដប់ ច័ន្ទមានមិនបន្តការប្រកួតទេ ។
ចំណែក ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យនិងអ៊ុំ វណ្ណេត ក្លិបការិយាល័យទី៥ កងទ័ពជើងគោកវិញ គឺជ័យជម្នះបានទៅលើអ៊ុំ វណ្ណេត ។ ភុន សោភ័ណ្ឌ គេត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងអោយឲ្យប្រកួតក្នុងទឹកទី៣ដែរ បន្ទាប់ពីគេប្រកួតលែងកើត ដោយសារឈឺថ្លោះកជើង ។ ឯ លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានចំណាយពេល៥ទឹកពេញ យកឈ្នះអ្នកប្រដាល់ស៊ឹម សំ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅដោយពិន្ទុ ។ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គ.ក្រ៕
Source: Kampuchea Thmey Daily
0 Comments