ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានរបួសព្រោះតែត្រូវក្រុមជនសង្ស័យជិះម៉ូតូធំវាយ ខណៈជនបរទេសរូបនោះចេញពីទូATM ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជាប់វាលព្រះមេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នោះបានឲ្យដឹងថា ជនបរទេសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានរបួសពេញផ្ទៃមុខ និង ឈាមផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសរងគ្រោះដើរចូលទៅដកលុយនៅក្នុងទូATM មួយនៅតាមបណ្ដោយផ្លូវ១៧៨ លុះពេលដើរចេញមកវិញខណៈជនបរទេសរូបនោះ កំពុងស្រវឹងផងក៏ ស្រាប់តែគេឃើញមានត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូធំ មកពីក្រោយ ធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះហើយប្លន់យកលុយនិងសម្ភារៈអស់ពីខ្លួន ភ្លាមនោះជនបរទេសរងគ្រោះ បានស្រែកឆោឡោឲ្យគេជួយដែរ តែគ្មានអ្នកណាហ៊ានជួយឡើយដោយមានសភាពរៀងស្ងាត់ទៀតផង នោះ។
ប្រភពព័ត៌មានបានបន្តទៀតថា លុះមួយសន្ទុះក្រោយ ទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនបរទេសម្នាក់ទៀត ត្រូវជនបរទេសរងគ្រោះស្រែកយំឱបជើង រួចសួរនាំគ្នាដោយនិយាយជាភាសាបរទេស លុះបន្តិចក្រោយមកដោយជនបរទេសដែលមកជួយនោះបានអះអាងថា គាត់គ្រាន់តែជិះកាត់ឃើញប៉ុណ្ណោះ តែជនបរទេសរងគ្រោះនៅតែខំប្រឹងព្យាយាមឱបជើងជនបរទេសមកជួយនោះជាប់រហូតសន្លប់ឈឹងតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកដឹកជនរងគ្រោះរូបនោះយកទៅសង្គ្រោះផងដែរ។ តែការបាត់បង់លុយកាក់អស់នោះគេពុំដឹងឡើយ ខណៈនោះជនបរទេសរងគ្រោះកំពុងរបួសលាយឡំនឹងស្រវឹងផងនោះមិនអាចសួរនាំបាននោះ៕
Source: Kampuchea Thmey Daily
0 Comments