Ad Code

នគរបាល​សហការគ្នា​ចុះបង្ក្រាប​បទល្មើស​នេសាទ ខណៈ​ជលផល​សម្ងំ​ក្រាប​ពង



សៀមរាប​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចំនួន​៧ នៃ​ក្រុង​សៀមរាប សរុប​មាន​កម្លាំង​ចំនួន​២៣​នាក់​បាន​សហ​ការ​ជាមួយ​សហគមន៍​នេសាទ ឆ្មក់​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ តំបន់​ជាប់​មាត់បឹង​ទន្លេសាប កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​នេះ ដោយ​ប្រើប្រាស់​មធ្យោបាយ កាណូត​ចំនួន​៦​គ្រឿង​។

ការ​ឆ្មក់​បង្ក្រាប​នេះ​ ក្រោយពីមាន​ពលរដ្ឋ​រាយការណ៍​ថា ​មាន​បទល្មើស​នេសាទ​ជាច្រើន​កន្លែង​បាន​ដាក់​ពង្រាយ​ជាច្រើន​កន្លែង ​ខណៈ​ជំនាញ​ជលផល ហាក់​ស្ងៀមស្ងាត់ ហើយ​បទល្មើស​នេះ កំពុង​ស្ទុះ​ឡើង​យ៉ាង​ផុសផុល​។



មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ ជា​លទ្ធផល​ដកហូត​ និង ​កាប់​បំផ្លាញ​ស្បៃ​មុង​និង​ស្បៃ​បរ ចំនួន​២៩០០​ម៉ែត្រ​។ ដកហូត​ក្បាល​បរ បាន​ចំនួន​០៤​ក្បាល​។ ដកហូត​ក្បាល​អ៊ុយ​ស្បៃ​មុង​បាន​ចំនួន​២០​ក្បាល​។ ដកហូត​និង​កាប់ឈើ​ចំរឹង​ចំនួន​១៩០០​ដើម​។ ប្រលែង​កូន​ត្រី ចូល​បឹង​ធម្មជាតិ​វិញ បាន​ចំនួន​៦៥​គីឡូក្រាម​។

ប្រភព​បញ្ជាក់​ថា ក្នុង​រដូវ​ត្រី​ពង​កូន​នេះ បទល្មើស​នេសាទ​ហាក់​មាន​សន្ទុះ​ខ្លាំង ចឹ​ង​ទេ​សមត្ថកិច្ច​ចាំបាច់​រួម​សហការ​គ្នា​ទប់ស្កាត់ ដើម្បី​រក្សា​ការពារ​ធនធានធម្មជាតិ ទោះ​មិនបាន​មួយ​រយ​ភាគរយ តែ​ក៏​អាច​កាត់បន្ថយ​ចំពោះ​បទល្មើស​នេះ​បាន​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​ គឺ​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប មិនដែល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ដែន​គ្រប់គ្រង​សោះឡើយ​។



ទាក់ទិន​ករណី​បទល្មើស​នេសាទ​កើតមាន​ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប នេះ អ្នក​ព័ត៌មាន បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ ដែរ​តែ​ទូរស័ព្ទ​របស់​លោក​នៅក្រៅ​តំបន់​សេវា​។ ទោះបីជា​បែបនេះ​ក្តី​គេ​សង្ឃឹមថា លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប អាចមាន​វិធានការ​ដុះក្អែល​មន្ត្រី​ជំនាញ​អសកម្ម​ទាំងនេះ​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu