ក្រុមបាល់ទាត់ណាហ្គាវើល,អង្គរថាយហ្គឺរនិងវិសាខា សុទ្ធតែប្រកួតឈ្នះនិងរកបាន៣ពិន្ទុដូចគ្នានៅសប្ដាហ៍ទី១៨នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
ចំពោះក្រុមណាហ្គាវើល បានយកឈ្នះលើក្រុមកំពូលតារាងបឹងកេត ដោយលទ្ធផល២ទល់០ លើទីលានកីឡដ្ឋានស្តាតចាស់ ហើយជ័យជម្នះនេះបានធ្វើឲ្យណាហ្គាវើល ឡើងឈរកំពូលតារាងលីគកំពូលកម្ពុជា បណ្តោះអាសន្នវិញម្តង។ កីឡាករនីហ្សេរីយ៉ា Mathew Osa និងកីឡាករកូរ៉េខាងត្បូង Sung Chihoon បានរកគ្រាប់បាល់ម្នាក់១គ្រាប់ក្នុងប្រកួតនេះ។
ចំពោះក្រុមអង្គរថាយហ្គឺរ បានប្រកួតឈ្នះលើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៤ទល់០ លើទីលានកីឡដ្ឋាន RSN Stadium។ កីឡាករជប៉ុន Joichiro Sugiyama បានរកគ្រាប់បាល់២គ្រាប់ម្នាក់ឯងក្នុងប្រកួតនេះឲ្យអង្គរថាយហ្គឺរ ខណៈកីឡាករ ថន សីហា និង តាំង សុភ័ក្រ បានរកគ្រាប់ម្នាក់១គ្រាប់តាមពីក្រោយ។
ចំណែកក្រុមវិសាខា វិញបានប្រកួតឈ្នះលើក្រុមសូលទីឡូអង្គរ ដោយលទ្ធផល២ទល់១ លើទីលានកីឡដ្ឋានស្តាតចាស់។ កីឡាករនីហ្សេរីយ៉ា Bata បានរកគ្រាប់បាល់ឱ្យសូលទីឡូអង្គរ មុនតែត្រូវកីឡាករ Kim Kyong Hun និង កែវ សុខផេង បានរកគ្រាប់បាល់វាយបកវិញឱ្យវិសាខា យកជ័យជម្នះវិញម្តង។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម។
ចំណែកប្រកួតសប្ដាហ៍ទី១៨នេះដូចគ្នានឹងបន្តប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះដោយក្រុមអាស៊ីអឺរ៉ុប ប៉ះអគ្គីសនីកម្ពុជា នៅម៉ោង៣រសៀលលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV Newsហើយក្រុមវេស្ទើនភ្នំពេញ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន មានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News៕
Source: Kampuchea Thmey Daily
0 Comments