ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន ជូនដំណឹងពី ការកើនឡើងនៃទឹកតាមដងទន្លេ មេគង្គ ទន្លេបាសាក់ និងនៅទន្លេសាប សាជាថ្មីរហូតដល់ថ្ងៃទី២៥ ខែសីហា ដោយសារ ឥទ្ធិពល ព្យុះទី១៦ ឈ្មោះ បេប៊ីនកា ( BEBINCA ) បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ធ្វើឲ្យទឹកទន្លេទាំង ៣ នេះ ជន់ឡើង។
យោងតាមសេចក្តី ជូនដំណឹង ស្តី របស់ ក្រសួង ក្រសួងធនធានទឹក លេខពិសេស ចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បាន ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកទន្លេរួចមក ឃើញថា ឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា ( BEBINCA ) បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ធ្វើឲ្យទឹកទន្លេទាំង ៣ នេះ ជន់ឡើង។
សេចក្តីជូនដំណឹងដដែល លើកឡើងថា យោងតាមការព្យាករ ទឹកទន្លេ នឹងបន្តហក់ឡើងបន្ថែមទៀត រហូតដល់កម្ពស់ ៖ -ទន្លេមេគង្គស្ទឹងត្រែង ៖ ទឹកអាចកើនឡើងដល់កម្ពស់ ១១,០០ ម នាថ្ងៃទី២២ ខែសីហា ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម )។-ទន្លេមេគង្គក្រចេះ ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២២,២០ ម នាថ្ងៃទី២៣ ខែសីហា ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម)។ -ទន្លេមេគង្គកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៥,៥៥ ម នាថ្ងៃទី២៤ ខែសីហា ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម )។-ទន្លេបាសាក់-ចតុមុខ រាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៩,៩០ ម នាថ្ងៃទី២៥ ខែសីហា ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម)។
-ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ៖ ទឹកនឹងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត។ រីឯទន្លេសេកុង និងទន្លេសេសាន៖ ទឹកអាចនឹងស្រកចុះវិញ ក្នុងអំឡុងពេល ២-៣ថ្ងៃខាងមុខ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់ក្រសួងស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
សូមរម្លឹកថា ទឹកជំនន់ទន្លេសេកុង និងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង បានកើតឡើងកាលពីចុងខែកក្កដា ឆ្នាំ២០១៨ ខណៈដែលនៅប្រទេសឡាវ បាក់ទំនប់វារីអគ្គិសនី។ ក្រោយមក នៅដើមខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គ ចាប់ផ្តើមឡើង បង្កជាទឹកជំនន់ ឡើងស្រកៗ រហូតដល់ពេលនេះ៕
Source: Kampuchea Thmey Daily
0 Comments