បាត់ដំបង ៖ ឃាតករចំនួន ២ នាក់ ដែលបានបាញ់សម្លាប់បុរសម្នាក់ក្នុងរឿងស្នេហាត្រីកោណ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយក្រុមតម្រួតថៃ តាមចាប់ខ្លួនយកមកវិញដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យទាំង ២ នាក់នេះ បានរត់គេចខ្លួនទៅសំងំនៅក្នុងប្រទេសថៃ។
រយៈពេលប្រមាណ ៥ ថ្ងៃកន្លងទៅថ្មីៗនេះ លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកម្លាំង ក្នុងនោះក៏មានលោក ឈឿង គឹមសុង នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកម្លាំងតម្រួតថៃ តាមរុករកមុខសញ្ញាសង្ស័យចំនួន ២ នាក់ ដែលជាឃាតកបាញ់សម្លាប់បុរសម្នាក់ ដែលមានមុខរបរជាអ្នកដឹកទឹកកកលក់ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ការបាញ់សម្លាប់ដោយគ្មានមូលហេតុនេះ គឺប្រភពជាច្រើនបានសន្និដ្ឋានថា អាចជារឿងស្នេហាត្រីកោណ ដោយសារតែជនរងគ្រោះទើបនឹងរៀបការថ្មោងថ្មី ហើយការបើករថយន្តមកឈប់ពាំងពីមុខរថយន្តដឹកទឹកកកដើម្បីបាញ់សម្លាប់នេះ បានប្រព្រឹត្តឡើងនៅចំណុចវាលអន្ទង់ ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្រោយពីចាប់ខ្លួនបាន គឺភាគីថៃ បានធ្វើការប្រគល់ជនសង្ស័យទាំង ២ នៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ដែលដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដោយជនសង្ស័យ ទាំង ២ រូបនេះ គឺ១-ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុកកំណើត ភូមិ ត្រោក ឃុំប្រធាតុ ស្រុក កំពង់ត្របែង ខេត្ត ព្រៃវែង និង ២-ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើត នៅ ភូមិ គ្រើល ឃុំអន្សោង ស្រុក កំពង់ត្របែង ខេត្ត ព្រៃវែង។
ពាក់ព័ន្ធនឹងបទ ឃាតកម្មដោយចេតនា គិតទុកជាមុន នេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅខេត្តច័ន្ទបុរី កាលពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នជនសង្ស័យទាំង ២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments