វង្ស ណយ អ្នកប្រដាល់កម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ បានផ្តួល អ្នកប្រដាល់ជើងខ្លាំងថៃ jaisu Sor.Khamsingha អោយតដៃលែងកើតនៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ។
គូប្រកួតរបស់វង្ស ណយ ដែលជាជើងខ្លាំងនិងជាអ្នកប្រដាល់ដែលធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកមកហើយដែរនោះ គឺjaisu Sor.Khamsingha ។ អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់១,៨០ម៉ែត្រ ខណៈ វង្ស ណយ ១,៧០ម៉ែត្រ តែបើកុំវង្ស ណយ ប្រើកែងវាយអោយសន្លប់ទាន់ក្នុងទឹកទី៣នោះ វង្ស ណយក៏រាងពិបាកនឹងយកឈ្នះបានដែរ ។
គេនៅចាំបានថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅភ្នំពេញ៣លើកហើយកន្លងមក ដោយជួបប្រកួតជាមួយនី សុភី ជើងខ្លាំងក្លិបសាលវ័ន្តកីឡាទាំង៣លើក ហើយក្នុងការជួប៣ដងនោះ នី សុភី វាយឈ្នះ១លើក ស្មើ១លើក និងចាញ់ពិន្ទុ១លើក ។
jaisu ត្រូវវង្ស ណយ វាយកែងស្តាំចំមុខផ្នែកខាងឆ្វេងមួយកែងពេញតែម្តង ដែលធ្វើឲ្យ jaisuរលំដួលលើរេញទាំងជំហរ សន្លប់លែងក្រោក ។ ដូច្នេះ វង្ស ណយ គេសងសឹកជំនួសអោយនី សុភីបានសម្រេចហើយ ។
ចំណែក កីឡាការិនី សំ ថារ័ត្ន អ្នកប្រដាល់ក្លិបកងចក្រភ្នំតូច ដែលគេស្គាល់ច្បាស់ថា ជាអ្នកខ្លាំងខាងក្បាច់គុនល្បុក្កតោនោះ បានប្រកួតចាញ់អ្នកប្រដាល់ស្រីថៃ Nonggifts Or.Wannchhirt ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាក្នុងទម្ងន់ ៥២ គីឡូក្រាម ។
សំ ថារ័ត្ន ជាកីឡាការិនីយុទ្ធគុនចម្រុះ (ប្រដាល់ផង ល្បុក្កតោ)របស់កម្ពុជា ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ ចាញ់ទាំងកម្ពស់ ចាញ់ទាំងកម្លាំងរបស់ Nonggifts ។ ក្នុងការប្រកួតគ្នា៥ទឹកនោះ សំ ថារ័ត្ន ចូលមិនចុះជាមួយស្នៀតទាត់របស់ Nonggifts ទេ ដោយដួលច្រើនលើកទៀត ។ជាមួយគ្នានេះដែរ ថារ័ត្ន ក៏ចាញ់កណ្តាប់ដៃនិងជង្គង់អ្នកប្រដាល់ស្រីថៃនោះផងដែរ ។តែយ៉ាងណា សំ ថារ័ត្ន នាងបានទប់ទល់បាន៥ទឹកនិងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ដោយឡែក ឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងកម្ពុជា នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យវិញ អ្នកទាំងពីរបានវាយឈ្នះថៃដូចគ្នា នៅក្នុងការជួបប្រកួត នៅលើសង្វៀនបាយ័នបឹងស្នោ កាលពីល្ងាចថ្ងៃទី១៨សីហា២០១៨ ។
ឡៅ ចិត្រា ត្រូវគេផ្គូអោយជួបអ្នកប្រដាល់ថៃ យ៉តផាយ៉ាក ក.អេឌិសន(Yodpayak Kor. Adiso rn ) ដែលក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ឡៅចិត្រា បានឈ្នះយ៉តផាយ៉ាក ដោយពិន្ទុ។ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
ចំណែក ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះផេតផុនរ៉ុម ផេតចិន្តា (Petchphonrom Petchchinda) តែគូនេះវាយគ្នាបានតែត្រឹមបីទឹកប៉ុណ្ណោះ ដោយអ្នកប្រដាល់ថៃ ផេតផុនរ៉ុម សន្លប់ដោយកែងនិងជង្គង់របស់ប៊ុនហឿន ។
ចាន់ ប៊ុនហឿន ជើងខ្លាំងរបស់កម្ពុជានេះ កាលពីថ្ងៃទី០៨មិថុនាកន្លងទៅ គេបានផ្តួលយកឈ្នះអ្នកប្រដាល់ថៃឈ្មោះJakpetch ក្នុងទឹកទី៥ ហើយលើកនេះផ្តួលផេតផុនរ៉ុម ផេតចិន្តា ក្នុងទឹកទី៣ទៀត ដែលនេះជាជ័យជម្នះលើកទី២០ របស់ប៊ុនហឿនហើយ ដែលគេជួបប្រកួតជាមួយថៃ២៩លើកនោះ៕
Source: Kampuchea Thmey Daily
0 Comments