ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារវត្តមានបុរសជនបរទេសម្នាក់ រត់ចេញពីក្នុងផ្ទះមួយ ដោយមានស្នាមរបួស ហើយក្រោយមកទើបដឹងថា ជាអំពើចាប់បង្ខាំងមនុស្សធ្វើទារុណកម្មដើម្បីជំរិតយកលុយ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្នុងបុរីមហាសែនសុខ នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ជាបក្ខពួកជនសង្ស័យដែលបានចូលរួមធ្វើសកម្មភាពក្នុងការចាប់ជំរិតយកលុយនេះ គឺឈ្មោះ សូនីតា អាយុ២៣ឆ្នាំ មុខរបរបំរើការងារនៅក្នុងហាង បារាំងមួយ និងស្នាក់នៅផ្ទះជួលក្នុងភូមិ កើតហេតុនេះ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ សូនីតា បានបញ្ជាក់ថា បក្ខពួករបស់គេ ដែលបានរត់គេចខ្លួនមានចំនួន៤នាក់មានឈ្មោះ ១. ម៉ា ឈីង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីសេរីយ៉ា។ ២. សាំ កុង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិនីសេរីយ៉ា។ ៣. ឈ្មោះ ប៊ូស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីសេរីយ៉ា មិនស្គាល់ទីកន្លែងស្នាក់នៅ។ ៤. មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មិនស្គាល់ទីលំនៅ។
ជនរងគ្រោះឈ្មោះ Iroegbu Uche Andrew ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា មានទីលំនៅ ក្នុងបុរីពិភពថ្មី២ នៅចំការដូង ខណ្ឌដង្កោ។
ប៉ូលិសបាននិយាយថា ៖ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនសង្ស័យឈ្មោះ ម៉ា ឈីង បានប្រើល្បិចអោយនាងសូនីតា ជាសង្សាររបស់ខ្លួន ទូរស័ព្ទទៅទាក់ទងជនរងគ្រោះឈ្មោះ Iroegbu Eche Andrew ល្បួងគេឲ្យធ្វើដំណើរមកលេងនៅផ្ទះរបស់ខ្លួន(ផ្ទះកើតហេតុ) ដោយជិះរ៉ឺម៉កម៉ូតូ (តុកតុក) នៅពេលជនរងគ្រោះមកដល់ក្នុងផ្ទះនោះក៏ស្រាប់តែបុរសជនជាតិនីហ្សេរីយ៉ាទាំង៤នាក់ខាងលើ បានបង្គាប់និងគំរាមអោយជនរងគ្រោះយកលុយចំនួន៥០០០ដុល្លារ មកអោយពួកគេ បើមិនបាន៥០០០ដុល្លារយ៉ាងហោចក៏បាន៣០០០ដុល្លារដែរ។
នៅពេលនោះជនរងគ្រោះប្រាប់ថា គ្មានលុយ ក៏ត្រូវពួកគេនាំគ្នាយកឆ្នាំងអ៊ុតមកអ៊ុតលើថ្ពាល់ខាងឆ្វេង និងដៃខាងឆ្វេង ស្មាខាងឆ្វេង របស់ជនរងគ្រោះ អោយរងរបួស រលាក។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៦ល្ងាច ខណៈក្រុមជនល្មើសប្រុសៗនាំគ្នាចេញមកក្រៅផ្ទះរកទិញអាហារបរិភោគ ដោយមិនបានចាក់សោទ្វារបន្ទប់ នៅសល់តែនាង សូនីតា ដេកយាម ជនរងគ្រោះក៏បានស្ទុះរត់គេចខ្លួនចេញពីទីនោះតែម្តងដោយស្រែក អោយគេជួយក្នុងសភាពភ័យខ្លាច។
ហេតុការណ៍នេះក៏ត្រូវបានសន្តិសុខជួយអន្តរាគមន៍ ប្ដឹងប៉ូលិសមូលដ្ឋានមកជួយអន្តរាគមន៍បន្ត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់គឺនាង សូនីតា ឯបក្ខពួកគេប្រុសៗ៤នាក់ទៀតដឹងខ្លួនក៏រត់គេចអស់៕
Source: Kampuchea Thmey Daily
0 Comments