អ្នកប្រដាល់ជើងចាស់របស់កម្ពុជា សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ដែលគេផ្គូឲ្យជួបប្រកួតជាអ្នកប្រដាល់ថៃជាលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនBoostrong Fighter On Fire នៅ SEATV នាព្រឹកថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨នោះ បានផ្តួលអ្នកប្រដាល់ថៃចំណូលថ្មីឈ្មោះ Phat Maha ឲ្យសន្លប់ក្នុងទឹកទី៣។
សូត្រ ប៊ុនធី បានប្រើជង្គង់អុកទៅលើពោះទឹករបស់ Phat Maha ដែលធ្វើអោយអ្នកប្រដាល់ថៃរូបនេះ ចុកដួលលើរេញ អាជ្ញាកណ្តាលបានរាប់ដល់ដប់ហើយក្តី ក៏គេមិនអាចក្រោកបន្តការប្រកួតបានទៀតដែរ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ចំពោះស៊ូ វណ្ណះ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ដែលប្រកួតសាកណ្តាប់ដៃជាមួយ ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទម្ងន់៦៣,៥០០គីឡូក្រាមនោះ បានបរាជ័យដោយវាយចាញ់ម៉ន ព្រហ្មម៉ាញ ដោយពិន្ទុ ។
រីឯ ងួន គា អ្នកប្រដាល់ក្លិបបរាជសីហ៍ខេត្តរតនគិរី ដែលគេផ្គូអោយជួបប្រកួតជាមួយ នួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង វិញនោះ ក្រោយបញ្ចប់ការប្រកួត៥ទឹក គេបានត្រឹមស្មើគ្នាប៉ុណ្ណោះ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។ចំណែកសល់ ស្រស់ ក្លិបសាលវ័ន្តកីឡា ប្រកួតចាញ់ គង់ វិរៈ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ៕
វេង សុភ័ក្រ និង ទេស ជីវ៉ា វាយចាញ់ថៃដូចគ្នាក្នុងជម្រុះចុងក្រោយ
ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នារសៀលថ្ងៃអាទិត្យទី១៩សីហា២០១៨ ដែលជាការប្រកួតជុំចុងក្រោយនោះ អ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយចាញ់អ្នកប្រដាល់ថៃ Pek Thieng ដោយពិន្ទុដាច់តែម្តងគឺ៥សូន្យ ។ ចំណែកមួយគូទៀត អ្នកប្រដាល់កម្ពុជា ទេស ជីវ៉ា ក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក៏វាយចាញ់ថៃ Fa Nemith ដែរ ដោយចាញ់សន្លប់ក្នុងទឹកទី៣ថែមទៀត ។
វេង សុភ័ក្រ សរុបពិន្ទុក្នុងការប្រកួតជម្រុះ៤លើកនោះ គឺបាន៧ពិន្ទុ ដោយឈ្នះ២ចាញ់២ប្រកួត ហើយ Pek Thieng បាន១០ពិន្ទុក្នុង៤ប្រកួតដូចគ្នា ដោយឈ្នះ៣ ចាញ់១ប្រកួត ។ជាមួយលទ្ធផលពិន្ទុនេះ វេង សុភ័ក្រធ្លាក់មិនបានទៅផ្តាច់ព្រ័ត្រទេ តែសម្រាប់ខាងថៃ Pek Thieng គេបានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងនាមជាអ្នកមានចំណាត់ថ្នាក់លេខ១ ក្នុងពូលកីឡាករថៃ។
ចំពោះ រវាងទេស ជីវ៉ា អ្នកប្រដាល់កម្ពុជាក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០និង Fa Ne mith វិញ អ្នកណាឈ្នះ អ្នកណាចាញ់នោះ ក៏ត្រូវតែជ្រុះធ្លាក់ហាវអាវដូចគ្នាដែរ ។ ត្បិតថា អ្នកប្រដាល់ទាំងពីរនេះ ប្រកួតលើកចុងក្រោយនេះ ជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយសារបីប្រកួតកន្លងមក ចាញ់ទាំង៣ប្រកួត បាន៣ពិន្ទុដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments