Ad Code

អភិបាល​ខណ្ឌ​ច្បារអំពៅ​ ជូនពរ​បេក្ខជន​ប្រឡង​បាក់​ឌុប​ ប្រឡង​ជាប់ ​និង​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា



ភ្នំពេញ ​៖​ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប ចាប់ផ្តើម​ហើយ នៅ​ថ្ងៃទី​២០ ខែសីហា នេះ នៅវេលា​ម៉ោង​៧​ព្រឹក​រហូតដល់​ថ្ងៃទី​២១ ខែសីហា។

ទន្ទឹម​នេះ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា នេះ ​អញ្ជើញ​ក្នុង​ពិធី​ពិនិត្យ និង​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ច្បារអំពៅ។

លោក​ចេង មុនី​រ៉ា សូម​ជូនពរ​ប្អូនៗ ប្រឡង​ជាប់ និង ទទួល​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា។ ជាមួយ​គ្នា​នេះ ដើម្បី​ងាយស្រួល​ដល់​បេក្ខជន ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម (​បាក់​ឌុប​) បាន​ជ្រួតជ្រាប​ច្បាស់​អំពី​បំរាម​ ដែល​ត្រូវ​ហាមប្រាម​ចំពោះ​បេក្ខជន​នៅ​ថ្ងៃ​ប្រឡង​នេះ គឺ ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​ផ្សាយ​នូវ​បំរាម​សំខាន់ៗ​ចំនួន​១៦​ចំណុច ដែល​តម្រូវឱ្យ​បេក្ខជន​ជៀស​វាង​។

​បំរាម​ទាំង​១៦​ចំណុច រួមមាន ៖

១៖ មិនត្រូវ​មកដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២​។​

២៖ មិនត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់អាវុធ ចូលក្នុង​មណ្ឌល​ប្រឡង​។​

៣៖ មិន​ត្រូវយក​សៀវភៅ និង​សំណេរ​ឯកសារ​គ្រប់​រូបភាព​ចូលក្នុង​មណ្ឌល​ប្រឡង​។​

៤៖ មិន​ត្រូវយក​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិ​ផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ​សំណេរ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ ដែលមាន​ប្រដាប់​គិត​លេខ កា​តាប កាបូប​យួរដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹកលុប​ពណ៌​ស​។​

៥៖ មិន​ត្រូវ​ចូលក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ​។​

៦៖ មិនត្រូវ​ប្រើពាក្យ​សំដី អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្កជម្លោះ​នៅក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ​។​

៧៖ មិនត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យសំដី ដោយ​កាយវិការ ចំពោះ​ការត្រួតពិនិត្យ​របស់​អ្នកមាន​សមត្ថកិច្ច ឬ​មេ​ប្រយោគ​ក្នុងការ​ពិនិត្យ​ស្រាវជ្រាវ​រើ​រក​សំណេរ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​យក​ចូលក្នុង​មណ្ឌល​ប្រឡង​។​

៨៖ មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស​។​

៩៖ មិន​ត្រូវ​​​ចម្លង​ប្រធាន​វិញ្ញាសា​ចូលក្នុង​ក្រដាស​ដទៃ និង​មិនត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​។​

១០៖ មិនត្រូវ​ងើបឈរ ងាកឆ្វេង​-​ស្ដាំ អើត​ឈ្ងោក​ទៅមុខ បែរ​ទៅក្រោយ ឬ​ដើរ​ចេញពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស​។ មិនត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំងៗ ឮ​ដល់​អ្នកជិតខាង ឬ​ឆក់​អូស​ទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពីមុខ ឬ​ដាក់​ពីក្រោម​សន្លឹក​កិច្ចការ​របស់ខ្លួន​ឡើយ​។​

១១៖ មិនត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពីមុខ​របស់ខ្លួន បង្ក​ឲ្យ​អ្នកដទៃ​មើល ឬ​អូស​ឆក់យក​បាន​។​

១២៖ មិនត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​អាគតដ្ឋាន​របស់ខ្លួន ដូចជា​សរសេរ​អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូសបន្ទាត់​ខុស​ប្រក្រតី ឬ​លុប​នឹង​ទឹកស ឬ​សរសេរ​រំលង​បន្ទាត់​ជាដើម​។​

១៣៖ មិនត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់ខ្លួន និង​មិនត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ​។​

១៤៖ មិនត្រូវ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​នៅក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច ធ្វើ​ឲ្យ​របើក​ជញ្ជាំង​ក្ដារ​ធ្វើ​ឲ្យ​បាក់បែក​តុ កៅអី ឬ​ក្ដារខៀន​ជាដើម​។​

១៥៖ មិនត្រូវ​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញបន្ថែម លើ​សន្លឹក​កិច្ចការ​របស់ខ្លួន​ជាដាច់ខាត​។​

១៦៖ មិនត្រូវ​ប្រើពាក្យ​សំដី និង​អាកប្បកិរិយា ដែល​នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការប្រឡង ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេ​ប្រ​យោ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu