Ad Code

គណៈកម្មការ​វិន័យ​របស់​ស​.​ប​.​ក ពិន័យ​ដល់​កីឡាករ​និង​មន្ត្រី​នៅ​ក្លិប​ទ័ព​,​ភ្នំពេញ​ក្រោ​ន និង​អង្គ​រថា​យ​ហ្គឺ​រ ទ្រង់ទ្រាយ​ធំ



សេចក្តី​សម្រេច​របស់​គ​ណៈ​កម្ម​ការ​វិន័យ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​ចេញ​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ សម្រេច​ពិន័យ​ចំពោះ​ថ្នាក់ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ រួមមាន​អគ្គលេខាធិការ និង​គ្រូ​បង្គោល​,​មន្ត្រី គ្រូបង្វឹក កីឡាករ​ក្លិប ភ្នំពេញ​ក្រោ​ន និង​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​បង្ក​កំហុស​ក្នុង​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​។



ក្នុង​សេចក្តីសម្រេច​នោះ​គឺ​ត្រូវ​ពិន័យ លោក ខូវ ឆាយ អគ្គលេខាធិការ​នៃ​ក្លិប​ក្រសួងការពារជាតិ មិន​ឲ្យ​ចូលរួម​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រយៈពេល ប្រាំមួយ (៦)​ប្រកួត រួម​ទាំង​ស្វ័យប្រវត្តិ និង​ពិន័យ​ជា​ប្រាក់ ៥០០,០០០​រៀល (​ហាសិប​ម៉ឺន​រៀល​)​។ ក្នុង​សេចក្តីសម្រេច​មួយទៀត​ផង​ដែរ ក៏ត្រូវ​ពិន័យ លោក ភា សុ​ភ័​ត្រា្ត គ្រូ​បង្គោល​នៃ​ក្លិប​ក្រសួងការពារជាតិ មិន​ឲ្យ​ដឹកនាំ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រយៈពេល ប្រាំមួយ (៦) ប្រកួត រួមទាំង​ស្វ័យប្រវត្តិ និង​ពិន័យ​ជា​ប្រាក់ ១,០០០,០០០​រៀល (​មួយ​លាន​រៀល​)។



បើតាម​វីដេអូ​ផ្សាយ​ពី​ការប្រកួត​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​រឿងនេះ​ឡើង ក៏​ព្រោះតែ​កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅ ក្រសួងការពារជាតិ ប្រកួត​ស្មើ​ជាមួយនឹង សូល​ទី​ឡូ​អង្គរ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ក្នុង​សប្ដាហ៍​ទី​១ កន្លង​ទៅដោយ​ក្នុង​នោះ​គ្រាប់​បាល់​ទី​ពីរ ដែល​ផ្តល់​ទៅ​ឲ្យ​សូល​ទី​ឡូ ត្រូវ​មន្ត្រី​ខ្សែបន្ទាត់ លើក​ទង់​ជំហរ​ក្រៅ​ល្បែង ប៉ុន្តែ​មន្ត្រី​កាត់​សេចក្តីសម្រេច ឲ្យ​បាល់​នោះ​ចូល​ទី ទើប​មានការ​ប្រកែក​គ្នា ដោយ​ភាគី​ខាង​ក្រសួងការពារជាតិ​។

គណៈកម្មការ​វិន័យ​ក៏​ពិន័យ កីឡាករ ហែម ស៊ី​ម៉ៃ របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ មិន​ឲ្យ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រយៈពេល ពីរ (២) ប្រកួត រួម​ទាំង​ស្វ័យប្រវត្តិ​។ យោង​តាម​មាត្រា ៤៩ ក្រម​វិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពី​បទ​ប្រើ​ឥរិយាបថ​មិន​សមរម្យ​ចំពោះ​មន្ត្រី​ការប្រកួត​។

ចំណែក​លោក SEAN SAINBURY គ្រូ​បង្គោល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ក៏​រង​ពិន័យ មិន​ឲ្យ​ដឹកនាំ​ការប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រយៈពេល បួន (៤) ប្រកួត រួមទាំង​ស្វ័យប្រវត្តិ​។ យោងតាម​មាត្រា ៤៩ ក្រម​វិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពី​បទ ប្រើ​ឥរិយាបថ​មិន​សមរម្យ​ចំពោះ​មន្ត្រី​ការប្រកួត​។



កីឡាករ ជួន ចាន់​ចាវ របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏​ពិន័យ មិន​ឲ្យ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រយៈពេល មួយ (១) ប្រកួត រួម​ទាំង​ស្វ័យប្រវត្តិ​។ យោងតាម​មាត្រា​៤៨ ក្រម​វិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពីបទ ប្រើ​ឥរិយាបថ​មិន​សមរម្យ​ចំពោះ​មន្ត្រី​ការប្រកួត​។

ចំណែក​លោក SAMUEL MANNINGS មន្ត្រី​ពេទ្យ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ត្រូវ​ពិន័យ​មិន​ឲ្យ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រយៈពេល បួន (៤) ប្រកួត រួមទាំង​ស្វ័យប្រវត្តិ​។ យោង​តាម​មាត្រា ៤៩ ក្រម​វិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពី​បទ ប្រើ​ឥរិយាបថ​មិន​សមរម្យ​ចំពោះ​មន្ត្រី​ការប្រកួត​។

ក្រៅពី​ការ​ពិន័យ​នេះ គណៈកម្មការ ក៏បាន​ធ្វើការ​ព្រមាន​ទៅដល់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដោយ​ពិនិត្យ​ឃើញ​ថា ​ពួកគេ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ផ្ទុយ​ស្រឡះ ពី​ក្រម​វិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រង់​មាត្រា​៤៩ ឥរិយាបថ​មិន​សមរម្យ​ចំពោះ​មន្ត្រី​ការ​ប្រកួត​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu