Ad Code

គ្រោងឆ្អឹង​ក្មេងប្រុស​ម្នាក់ ​ត្រូវ​គេ​ប្រទះឃើញ​ក្នុង​ដីចំការ



បាត់ដំបង ៖ សព​ក្មេងប្រុស​ម្នាក់​ ដែល​បន្សល់​តែ​គ្រោងឆ្អឹង​និង​សម្លៀកបំពាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​នៅក្នុង​ដីចំការ​មួយ​កន្លែង​ ក្បែរ​ជើងភ្នំ ដោយ​មិនទាន់​មាន​ប្រភព​ណាមួយ​អះអាង​ថា យ៉ាងណា​នោះ​ទេ ដោយសារតែ​គ្រោងឆ្អឹង​នេះ ស្ថិតនៅ​ពាសវាលពាសកាល ដែល​ទំនង​ជា​មាន​សត្វសា​ហា​វ​ខាំ​ស៊ី​ជា​អាហារ។

​ការ​ភ្ញាក់ផ្អើល​នេះ គឺ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច ចំការ​ដំឡូង​មួយ​កន្លែង ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​កន្លងមក​តំបន់​ជើងភ្នំ​នេះ ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​ផង​ដែរ ដោយសារ​តែមាន​សត្វ​សាហាវ​នៅ​សេសសល់ ដូចជា​សត្វ​ឆ្កែចចក ជាដើម។

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​ចំការ​ឈ្មោះ ឃ​ន បឿន ភេទប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​និយាយ​ថា នៅ​ថ្ងៃ​នោះ លោក​បាន​ជួល​កម្មករ​ឲ្យ​ទៅ​បាញ់ថ្នាំ​ស្មៅ​នៅក្នុង​ចំការ​ដំឡូង​របស់​ខ្លួន ក៏​ស្រាប់តែ​បាន​ប្រទះឃើញ គ្រោងឆ្អឹង​មនុស្ស​ម្នាក់ ស្ថិតនៅ​រាយប៉ាយ​លើដី​ចំការ រួម​ជា​មួយ​នឹង​សម្លៀកបំពាក់​ផង ហើយ​នៅក្បែរ​សព ក៏​មាន​ចម្ពាម​កៅស៊ូ និង​កញ្ចប់​បារី​ផង​ដែរ ទើប​ម្ចាស់​ចំការ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ។

នៅពេល​នោះ​ដែរ បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​រួចមក លោក ផង់ ភឿន អាយុ ៤២​ឆ្នាំ ​រួមជា​មួយ​នឹង​ប្រពន្ធ​ឈ្មោះ លី ស្រី​នាង អាយុ​៤៧​ឆ្នាំ ទាំងពីរ​នាក់ ធ្វើការ​ជា​កម្មករ​បាន​អះអាង​ថា ដោយ​យោង​តាម​សម្លៀកបំពាក់ និង​សម្ភារៈ​ដែល​នៅ​ជុំវិញ គឺ​សព​នេះ​ពិតជា​កូនប្រុស​របស់​គាត់ យ៉ាង​ពិត​ប្រាកដ។

លោក​ទាំងពីរ​បាន​បន្ត​ថា កូន​របស់​គាត់​ឈ្មោះ ភឿន ភក្តី អាយុ ១២​ឆ្នាំ ជា​កូន​ទី ៦ក្នុងចំណោម​កូន​របស់គាត់​ទាំង​១០​នាក់ ប៉ុន្តែ​គាត់​ក៏​មាន​ការ​សោកស្តាយ​ដែរ ចំពោះ​កូនប្រុស​របស់​គាត់​ដែល​កន្លងមក ក៏​ធ្លាប់​បាត់​ខ្លួន​២​យប់ ទៅ​៣​យប់ ដែរ ទើប​គេ​ចូល​ផ្ទះ​ព្រោះ​គេ​ជា​ក្មេង​ដែល​ចេះ​ប្រើប្រាស់​ថ្នាំញៀន​ផង និង​ជក់បារី​ផង ហើយ​ការបាត់​ខ្លួន​លើក​នេះ មាន​រយៈពេល ១២ ថ្ងៃ​មក​ហើយ ដោយ​មិនដឹង​ជា​ទៅ​ទីណា ទើបតែ​ពេលនេះ​ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​តែម្តង។

ដោយ​បច្ចុប្បន្ន​ឆ្អឹង​កូនប្រុស​របស់​គាត់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នាំយក​ទៅ​ធ្វើ​កោសល្យ​វិច័យ នៅឯ​ខេត្តបាត់ដំបង ដើម្បី​ចង់​ដឹង​ការពិត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu