ភ្នំពេញ ៖ ស្របពេលដែលឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៨នៅសល់ពេលប្រមាណមិនដល់២០ថ្ងៃទៀតផងនោះ គេកត់សម្គាល់ឃើញមានបេក្ខជនជាច្រើន បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រឡងក្នុងការបញ្ចេញសមត្ថភាព ដែលពួកគេមានរៀងៗខ្លួន។
ជាមួយគ្នានៃការប្រឡងបាក់ឌុបកាន់តែខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះដែរ ក៏មានការអំពាវនាវពីសំណាក់មហាជនជាច្រើន ព្រមទាំងអាណាព្យាបាលរបស់បេក្ខជនឲ្យមានការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ និងយកពេលវេលា ដែលនៅសេសសល់ដើម្បីពង្រីកសមត្ថភាពតាមរយៈការអានសៀវភៅផងដែរ។ មិនតែប៉ុណ្ណោះក៏មានការផ្តល់កម្លាំងចិត្តពីសំណាក់បងប្អូនរួមនឹងអ្នកសិល្បៈមួយចំនួនដល់បេក្ខជន ដែលត្រូវប្រឡងឆ្នាំនេះទៀតផង។
ដោយឡែកបើចាប់អារម្មណ៍មកមើលតារាចម្រៀងប្រុសជាប់ងារជាតារាពូកែទើសលោក ម៉ៃ សុគន្ធ ឯណោះវិញក៏មិនខុសគ្នាពីប្រជាពលរដ្ឋខ្មែរដទៃទៀតផងដែរគឺលោកបានយកឱកាសពេលនេះផ្ញើសារលើកទឹកចិត្ត និងគាំទ្រដល់បេក្ខជនទូទាំងប្រទេសដែលកំពុងតែត្រៀមខ្លួនដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបនាពេលខាងមុខនេះ។
តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានលើកឡើង និងជូនពរថា ថ្ងៃ២០-២១ ខែសីហា ឆ្នាំ២០១៨ជាថ្ងៃប្រឡងទុតិយភូមិ(បាក់ឌុប)ហើយ ។ជូនពរប្អូនទាំងអស់គ្នាសំណាងល្អនិងបាននិទេស្ទល្អ ជាប់ទាំងអស់គ្នា។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី ២០ខែសីហា ឆ្នាំ២០១៨ខាងមុខ។
គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជាង១០ទៀតប៉ុណ្ណោះ គឺនឹងដល់ថ្ងៃប្រឡងដូច្នេះបើតាមការសង្កេតមានប្អូនៗសិស្សទី១២ខ្លះបានខ្នះខ្នែងសិក្សាទាំងយប់ទាំងថ្ងៃ។ ខណៈមានខ្លះទៀតក៏បង្ហាញពីការព្រួយបារម្ភលើសមត្ថភាពដើម្បីប្រជែងយកនិទ្ទេសល្អផងដែរ៕
Source: Kampuchea Thmey Daily
0 Comments