ភ្នំពេញ ៖ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងជនជាប់ចោទ កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ខាងមុខ នេះបើយោងតាមលិខិតកោះអញ្ជើញមេធាវីរបស់លោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល។
តាមលិខិតអញ្ជើញលោក ផាន់ ច័ន្ទស័ក្តិ មេធាវីការពារលោក កឹម សុខា ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោយពីបានពិនិត្យសំណុំរឿងលេខ២៩ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា អាយុ៦៤ ឆ្នាំ (ម្ចាស់បណ្តឹងសាទុក្ខ) ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្ទិដ្ឋភាពជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដូច្នេះត្រូវចូលទៅកាន់តុលាការកំពូលនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដើម្បីចូលរួមសវនាការអំពីដំណើររឿងខាងលើ។
តាមតុលាការកំពូល សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនាពេលនោះរួមមាន លោក គង់ ស្រ៊ីម ប្រធាន , លោក សម សិរីវឌ្ឍ លោក អ៊ីវ គឹមស្រ៊ី លោកស្រី ចាំង ស៊ីណាត និងលោក ច័ន្ទ រង្សី ជាចៅក្រមប្រឹក្សា នៃក្រុមប្រឹក្សាជំនុំជម្រះ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បសន្ទិដ្ឋភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
ទាក់ទងករណីនេះដែរ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបើកសវនាការជំនុំជម្រះលើសំណុំរឿង ដែលមេធាវីលោក កឹម សុខា ប្តឹងប្រឆាំងនឹងការសម្រេចពន្យារពេលឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយក្រោយពីបញ្ចប់សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតម្កល់សាលដីកា របស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនជនត្រូវចោទរយៈពេល៦ខែបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments