Ad Code

មន្ត្រី​រដ្ឋាភិបាល​ ៖ ​កម្ពុជា​មិន​ព្រួយបារម្ភ​ពី​ការនាំចេញ​ផលិតផល​វិស័យ​កាត់ដេរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឡើយ



ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា កម្ពុជា​មិន​ព្រួយបារម្ភ​ពី​ការនាំចេញ​ផលិតផល​វិស័យ​កាត់ដេរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឡើយ​ពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បើទោះបី​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងនេះ​ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​យ៉ាងណាក្តី​។

លោក សៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ​ការ​បញ្ជាទិញ​ផលិតផល​វាយន​ភណ្ឌ​សម្លៀកបំពាក់ និង​ស្បែកជើង​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​ជាច្រើន​នៅ​តែ​មាន​ដំណើរការ​ដដែល​ព្រោះថា​ ក្រុមហ៊ុន​ទាំងនោះ​បាន​ចុះ​កុងត្រា​រួចហើយ​ជាមួយ​ភាគី​រោងចក្រ​នៅ​កម្ពុជា​ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ និង​១​ឆ្នាំ​ត​ទៅមុខទៀត ខណៈ​ក្នុង​ឆ​មាស​ទី​១​នេះ ការ​បញ្ជាទិញ​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នាំ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។

លោក​បាន​បញ្ជាក់​ទៀត​ថា ​«​រហូតមកដល់​ពេលនេះ​នៅ មិនទាន់​មាន​សញ្ញាណ​ណាមួយ ដែល​នាំ​ឲ្យ​ប្រទេស​ទាំង​នោះ​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​នោះ​ឡើយ​ ដោយ​លំហូរ​នៃ​ពាណិជ្ជកម្ម​នៅតែ​ប្រព្រឹត្ត​ជាធ​ម្មតា​ក្នុង​ភាពជា​ដៃគូ​»​។

ការលើកឡើង​ពី​ក្រសួងពាណិជ្ជកម្ម​នេះ​បាន ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​នាំចេញ និង​ក្រុម​សហជីព​សំខាន់ៗ បាន​សម្តែង​នូវ​ក្តីបារម្ភ​ពី​ការ​បញ្ចប់​ភាព​អនុគ្រោះ​ពន្ធ​លើ​ការនាំចេញ​ផលិតផល​កាត់ដេរ និង​ទំនិញ​ផ្សេងទៀត​ទៅ​សហគមន៍​អឺរ៉ុប ក្រោយពី​ក្រុម​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​កន្លង​ទៅនេះ។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​បន្ត​ហក់​ឡើង​ដល់​៩.៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការនាំចេញ​ផលិត ផល​កាត់ដេរ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស មានតម្លៃ​ជិត​៤ ពាន់ លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ កើនឡើង​៩.៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប មានការ​កើនឡើង​ដល់ ១០.៦៦% ដែល​មាន​តម្លៃ​សរុប​ជាង​១.៦ ពាន់​លាន​ដុល្លារ​។ ចំណែក​ទីផ្សារ​អាមេរិក មាន​កំណើន ១០.៧៣% និង​មានតម្លៃ​៨៥៨ លាន​ដុល្លារ​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​ដដែល ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​ទាំងពីរ បាន​គ្រប​ដណ្តប់​រហូតដល់​ទៅ ៧២​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ខណៈ​ដែល​ការនាំចេញ​ទៅកាន់​ប្រទេស​កាណាដា បាន​កើនឡើង​ជាង​៩​ភាគរយ ដែល​មាន​តម្លៃ ៣២៤ លាន​ដុល្លារ។

លោក​សៀង​ ថៃ​ បាន​បន្ត​ថា ក្រៅពី​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​កម្ពុជា​ក៏​អាច​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងទៀត​បាន​ដែរ ពិសេស​ប្រទេស​នៅក្នុង​តំបន់​។

ចំណែក​លោក​កាំ​ង​ម៉ូ​នី​កា អគ្គ​លេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​វិទ្យុ​អន្តរជាតិ​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា​។

យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​ទឹកប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​ជាង​៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុង​នោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប មានតម្លៃ​សរុប​ជាង​១.៦០០​លាន​ដុល្លារ ចំណែក​ទីផ្សារ​អាមេរិក តម្លៃ​ជាង​៨៥០​លាន​ដុល្លារ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu