កណ្តាល ៖ បុរសយោធាម្នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំខ្លួនទៅកាន់មន្ទីរឃុំឃាំង(ពន្ធនាគារ)នៅល្ងាចថ្ងៃទី០១ សីហា ឆ្នាំ២០១៨ ក្រោយពីលោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ពីបទ"រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស" ដែលប្រព្រឹត្តនៅ ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែឧសភា ២០១៨ តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៧(ប្រាំពីរ)ឆ្នាំ ទៅ១៥(ដប់ប្រាំ) ឆ្នាំ។
នគរបាលផ្នែកប្រឆាំងបទល្មើសជួញដូរនិងការពារអនីតិជនបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សាក់ ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា រស់នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះស រ ស ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ រស់នៅភូមិក្តាន់រយ ឃុំដំណាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានទាក់ទងគ្នាតាមឆាតទៅវិញទៅមក ទើបត្រូវគ្នា ហើយជនរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យហើយរួមភេទជាមួយគ្នានៅផ្ទះក្នុងបន្ទប់ជនសង្ស័យ។ លុះមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ទើបដឹងដល់អាណាព្យាបាលមកដាក់ពាក្យបណ្តឹង។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថា ខ្លួនបានឆាតជា១គ្នាទៅវិញទៅមក ហើយជនសង្ស័យបាន សុំស្រឡាញ់ខ្លួនហើយបានហៅខ្លួនមកផ្ទះដើម្បីយកលុយចាយខ្លួនក៏មកដល់ផ្ទះជនសង្ស័យ។ ជនសង្ស័យបានហុចលុយឲ្យ១០ដុល្លារួចទាញដៃខ្លួនចូលបន្ទប់រួចចាប់រួមភេទតែម្តង។
ជនរងគ្រោះបញ្ជាក់ថា ខ្លួនបានរួមភេទជាមួយជនសង្ស័យបានចំនួន០៣ដងរួចមកហើយ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះបានចំនួន២ដងដោយការព្រមព្រៀង រៀងៗខ្លួន៕
Source: Kampuchea Thmey Daily
0 Comments