សៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួនប្រាំពីរនាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ រថយន្តក្រុង ក្រុមហ៊ុនរិទ្ធមុន្នី បើកធ្លាក់ពីលើផ្លូវជាតិចូលស្នាមភ្លោះ។
ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចក ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រុង ក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខភ្នំពេញ3C-6855 ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបទៅភ្នំពេញ រ៉េចង្កូតធ្លាក់ផ្លូវ។
ប្រភពបន្តថា ក្នុងរថយន្តមានផ្ទុកអ្នកដំណើរចំនួន ៣៦នាក់។ មកដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូងដែលបើកបរស្របទិសគ្នាហើយបានរ៉េចង្កូតធ្លាក់ផ្លូវ ទៅផ្នែកខាងត្បូង ដោយខ្លួនឯងបណ្តាលឲ្យ រងរបួសមនុស្ស៧នាក់ ស្រី ៣នាក់និងប្រុស៤ ក្នុងនោះរងរបួសធ្ងន់២នាក់ប្រុស។ ជនរងគ្រោះត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ រីឯអ្នកបើកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នី ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរក។ ចំណែករថយន្តដែលធ្លាក់ស្នាមភ្លោះសមត្ថកិច្ចជំនាញកំពុងចាត់ចែងដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយ។
ចំពោះជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់បង្ហាញឈ្មោះនៅឡើយទេ ដោយកំពុងសង្គ្រោះនិងព្យាបាល៕
Source: Kampuchea Thmey Daily
0 Comments