អ្នកប្រដាល់ជើងខ្លាំង សុខ ធី អ្នកប្រដាល់ក្លិបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ និងជាម្ចាស់ខ្សែក្រវាត់គូបូតាទម្ងន់៥៧គីឡូក្រាម គេនឹងទទួលស្វាគមន៍ការសុំជួបរបស់អ្នកប្រដាល់ថៃ ជិងរឹតថង សរ.ស៊ូវ៉ាន់ណារ៉ាន(Jingreetthorng Sor.Suvannararn) នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យទី០៥ ខែសីហា ឆ្នាំ២០១៨នេះ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។
ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ពីរនាក់នេះ សុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់បរទេសដូចគ្នា។ បើនិយាយពីបច្ចេកទេស និងល្បិចកលប្រកួត ពួកគេទាំងពីរមានដូចគ្នា។
សុខ ធី ជាអ្នកប្រដាល់វ័យក្មេងស្រករក្រោយ ជាកូនសិស្សរបស់អតីតអ្នកប្រដាល់ជើងខ្លាំងសាន សៅយ៉ាន់ ។ នេះជាលើកទី១៣ របស់សុខ ធីហើយ ដែលមកប្រកួតនៅភ្នំពេញនេះ ។
សុខ ធី នៅក្មេង តែមានស្នៀតប្រដាល់ល្អ វាយខ្លាំង កម្លាំងកាយសម្បទារឹងមាំ ហើយគេអាចវាយបានគ្រប់ស្ថានភាពប្រកួតទាំងអស់ ។ ទោះបីជាយ៉ាងណា សុខ ធី ក៏មិនអាចមើលស្រាលជិងរឹតថងដែរ ព្រោះអ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងប្រចាំទម្ងន់នេះនៅស្រុកថៃ ។ ចាំមើល សុខ ធី អាចយកឈ្នះជិងរឹតថងបានឬអត់ សម្រាប់ជំនួបលើកដំបូងនេះ ?។
សូមបញ្ជាក់ថា សុខ ធី ក្នុងការប្រកួតចុងក្រោយជាមួយថៃនៅភ្នំពេញ(០១កក្កដា២០១៨) គេបានផ្តួលPetch Ngen Thong អោយសន្លប់ក្នុងទឹកទី៤លើសង្វៀនបាយ័នស្ទឹងមានជ័យនេះ ។
ចំពោះ ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ គេនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃថូន ស.តះគូនផេត(Tone Sor.Takunpetch) ដោយប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់ដែលមកកម្ពុជានោះទេកន្លងមក។ជាលើកទី១ហើយ ដែលថូនស.តះគូនផេត មកជួបប្រកួតជាមួយអ្នកប្រដាល់ខ្មែរនោះ ។
ស៊ីណាត ជាជើងខ្លាំងស្រករក្រោយម្នាក់នៅកម្ពុជា ។ គេមានកណ្តាប់ដៃ និងជង្គង់ល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត ។ តែអ្នកប្រដាល់រូបនេះ វាយរាងឆាប់អស់កម្លាំងស៊ុហ្វ តែស៊ូចំពោះការប្រកួត ។ ស៊ីណាត មានប្រវត្តិប្រកួតប្រមាណ១០៦លើក ក្នុងនោះវាយឈ្នះ៩២លើក ចាញ់១៧លើក និងស្មើ០៧លើក និងធ្លាប់ផ្តួលគូប្រកួតអោយសន្លប់បាន៣២លើក។ គេជាអ្នកប្រដាល់ដែលមានចិត្តធំ វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណា ចាន់ ស៊ីណាត មិនអាចមើលស្រាលប្រាច័ន្ទបាន បានទេ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេក៏មានផ្លែល្អ និងកលល្បិចខ្ពស់ផងដែរ។
ចំណែក ថូនស.តះគូនផេត ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ ។ បើតាមដំណឹងថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន៧៨លើក ឈ្នះ៦៦លើក ចាញ់១១លើក និងស្មើ០១លើក ។ ចាំមើល ចាន់ ស៊ីណាត តើគេអាចយកឈ្នះ ថូនស.តះគូនផេត បានឬអត់? ។
ចាន់ ស៊ីណាត ប្រកួតចុងក្រោយជាមួយថៃ(១៣កក្កដា២០១៨) វាយចាញ់ ប្រាច័ន្ទបាន( Prachan ban Sor.Jor Vichit Petriw) ដោយពិន្ទុ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ចេង គា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវគេផ្គូអោយជួបជាមួយ ស៊ឹម វណ្ណដេត អ្នកប្រដាល់ក្លិបថ្មគោលពោធិ៍សែនជ័យ ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេពីមុនមក ។
ចំណែក ចាន់ វណ្ណដេត អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងជួបប្រកួតជាមួយ ខេម ថារ៉ាក់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយជួបគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ ពួកគេទាំងពីរនាក់នេះ ក៏មិនធ្លាប់ដែលជួបគ្នាដែរកន្លងមក៕
Source: Kampuchea Thmey Daily
0 Comments