ព្រះសីហនុ ៖ តៃកុងរថយន្តម្នាក់ បានរងរបួសធ្ងន់កៀបជាប់នឹងកាប៊ីន រថយន្ត នៅក្នុងពេលកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកទំនិញធុនធំចំនួន០៣គ្រឿងបើកបុក បន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចន្លោះគីឡូម៉ែត្រ១៦៩.១៧០ ស្ថិតក្នុង ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ១៦រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។
យោងតាម សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទំនិញធុនធំ ០២ គ្រឿងបុកប៉ះគ្នា រួចហើយរថយន្តមួយគ្រឿង ក្នុងចំណោម នោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ដែលខូចឈប់ចតនៅខាងចិញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សចំនួន ០២នាក់របួសធ្ងន់។ក្រោយកើតហេតុសមត្ថកិច្ច និងក្រុមសង្គ្រោះ បានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអ៊ិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កគ្រោះថ្នាក់ រួមមានទី០១ ពាក់ស្លាកលេខភ្នំពេញ3F7220បើកបរដោយ ឈ្មោះមឿន សាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសធ្ងន់) កៀបជាប់នឹងកាប៊ីនរថយន្ត។ រថយន្តទី០២ ពាក់ស្លាកលេខព្រះសីហនុ3A7007 បើកបរដោយឈ្មោះយ៉ុងសារុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត(របួសស្រាល)។ ចំណែករថយន្តទី០៣ដែលជារថយន្តដឹកប្រេង ពាក់ស្លាកលេខភ្នំពេញ3C-4821 អ្នកបើកបរឈ្មោះប៉េ ណាភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
បច្ចុប្បន្ន រថយន្តទាំង០៣គ្រឿងត្រូវបាន សមត្ថកិច្ចប៉ូលិសចរាចរណ៍ ជើងគោក ស្រុក ព្រៃនប់ នាំយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា នៅលើផ្លូវជាតិលេខ០៤ តាមការកត់សម្គាល់ គ្រោះថ្នាក់ ចរាចរណ៍ តែង កើតមានស្ទើរ រាល់ថ្ងៃបង្កឲ្យមានមនុស្សស្លាប់ និងរបួស ជាហូរហែ ហើយគ្រោះថ្នាក់ភាគច្រើន បង្ក ឡើងដោយ រថយន្តកុងតឺន័រ ដែលមាន អ្នកបើករបរ ក្មេងៗ ផ្តើមចេញពីការបើកបរល្បឿនលឿន ហួសកំណត់ .បើកវ៉ា. បើកជែង បើកបរខ្លះការប្រុងប្រយ័ត្ន និងអ្នកខ្លះមិនមានប័ណ្ណបើកបរ៕
Source: Kampuchea Thmey Daily
0 Comments