Ad Code

អាជ្ញាធរ​ខេត្ត​កំពង់ចាម ត្រៀម​​ម៉ាស៊ីន​បូមទឹក​នៅ​ពេល​ទន្លេមេគង្គ​ហក់​ឡើង​ខ្លាំង



កំពង់ចាម ​៖ ​ទឹក​ជំនន់​ទន្លេមេគង្គ​ បាន​និង​កំពុង​ហក់​ឡើង មាន​សន្ទុះ​ខ្លាំងក្លា និង​បាន​គំរាម​បង្ក​​ការ​លំបាក​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សត្វពាហនៈ​ផង​ដែរ។

ដើម្បី​ជួល​សម្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខាង​លើ​នេះ លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ក៏​ដូចជា​ប្រធាន​មន្ទីរ​ អង្គភាព ជំនាញ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត បាន​ត្រៀមលក្ខណៈ​ជាស្រេច ​ដោយ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​តូច​-​ធំ ដើម្បី​បូម រំដោះ​ទឹក​តាម​ប្រព័ន្ធ​លូ​ចេញពី​ក្រុង​កំពង់ចាម ចូល​ទៅក្នុង​ទន្លេ​វិញ ខណៈ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់​កម្ពស់​១៥,២០​ម៉ែត្រ ជា​ចំណុច​ប្រកាស​អាសន្ន។

យោង​តាម​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​លើ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ព្យាករណ៍​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ផ្នែក​ខាងលើ ដែលមាន​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ទឹកនឹង​អាច​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែមទៀត នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០១៨​នេះ ដោយឡែក​ទន្លេមេគង្គ​ខេត្តកំពង់ចាម ទឹក​អាច​បន្ត​កើនឡើង​បន្តិច​បន្ថែមទៀត មុននឹង​ចាប់ផ្ដើម​ស្រក​ចុះ នៅ​ថ្ងៃទី​៤ ខែសីហា នេះ ចំពោះ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹក​អាច​នឹង​បន្ត​កើនឡើង​សន្សឹមៗ​ក្នុង​រយៈពេល​១-២​ថ្ងៃ​បន្ថែម​ទៀត។

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា សម្រាប់​ខេត្តកំពង់ចាម ចាប់​គិត​ត្រឹម​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​ បាន​ហក់​ឡើង​ក្នុង​មួយ​យប់​ជិត​០២​តឹក ធ្វើ​ឲ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម​កើនឡើង​កម្ពស់​១៥,០២​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ឡើង​០,១៧​ម៉ែត្រ គឺ​ធំ​ជាង​ឆ្នាំមុន​ដែលមាន​កម្ពស់​ទឹក​ត្រឹមតែ​១៤,៥៧​ម៉ែត្រ​ប៉ុណ្ណោះ ខណៈដែល​កម្រិត​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​គឺ​១៥,២០​ម៉ែត្រ​។ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ សូម​ឲ្យ​មានការ​ប្រុង​ប្រ​យ័ត្ន​យក​ចិត្ត​ទុកដាក់ កូនចៅ​ក្រែង​មាន​លង់ទឹក ឬ​សត្វ​ពស់ ក៏ដូចជា​សត្វ​អាសិរពិស​នានា​ចឹក។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា បើ​ក្នុងករណី​មាន​សត្វ អាសិរពិស​ ចឹក សូម​បញ្ជូន​ជនរងគ្រោះ​ជាបន្ទាន់​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព​ ដែល​នៅ​ជិត​បំផុត ព្រោះ​មាន​ក្រុម​គ្រូពេទ្យ និង​ឱសថ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ភ្លាមៗ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu