សៀមរាប ៖ អធិការដ្ឋាននគរបាលស្រុកពួកលោកទេព ពុំសែន បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤២ - ៣៤៣ ស្ថិតក្នុងភូមិគោកភ្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប និងរងរបួសធ្ងន់ម្នាក់ ហើយខូចខាតម៉ូតូ១គ្រឿង ( ធ្ងន់ ) និងរថយន្ត ១ គ្រឿង (ស្រាល)។
លោកអធិការបានបញ្ជាក់ទៀតថា ករណីនេះ គឺម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1N - 3453 បើកបរដោយឈ្មោះ វឿន សីហា ( រងរបួសធ្ងន់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដឹកឈ្មោះ ហេង ( ស្លាប់ ) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស នៅភូមិតាសី ឃុំថ្មគោល ស្រុកថ្មគោល បើកបរទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿន បានបុករថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ ស 2,5តោន ពាក់ស្លាកលេខបាត់ដំបង 3A - 0025 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅទៅកើត ហើយបត់ឆ្វេងមិនប្រយ័ត្ន។
លោកបានបន្តទៀតថា ក្រោយពេលកើតហេតុ នគរបាលផ្នែកជំនាញ បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបានធ្វើការវាស់វែងកន្លែងកើតហេតុ ព្រមទាំងបានប្រមូលវត្ថុតាងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments