ភ្នំពេញ ៖ សមាសភាពក្រុមចោរឆក់ ប្លន់កាប់ចាក់តាមដងផ្លូវក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពេលបានបង្ក្រាបជាបន្តបន្ទាប់កាលពីថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហានេះ។
ជនដៃដល់ទាំង៥នាក់ នឹងត្រូវសមត្ថកិច្ចបញ្ជូនមកសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់ក្នុងថ្ងៃនេះដែរ។
នគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ជនដៃដល់ទាំង៥នាក់ ដែលត្រូវបានចាប់ខ្លួន ទី១ ឈ្មោះ កែវ ភារុណ ហៅប៊ី អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនបោះពុម្ព ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនខណ្ឌមានជ័យ។ ទី២ឈ្មោះអ៊ិច ចក្រី ហៅហ៊័រ ភេទប្រុស អាយុ ១៩ឆ្នាំ ជាក្រុមអ្នកលេងនៅប្លុកកោះពេជ្រ រស់នៅផ្ទះលេខ៩បេ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ឈ្មោះ ឆាវ សំអិត ហៅរាជ អាយុ ២១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនបោះពុម្ព ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៤ឈ្មោះ ណុច តុលា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យសេរីមង្គល រស់នៅភូមិឬស្សីជ្រោយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនដៃដល់៤នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅកោះពេជ្រកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយកើតមានអំពើប្លន់យកម៉ូតូជាបន្តបន្ទាប់បង្កដោយក្រុមជនដៃដល់។ ទី៥ឈ្មោះ សុធា សុផានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅផ្ទះលេខ៥៥៦ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់កកាប ខណ្ឌសែនសុខ មុខរបរចោរឆក់អាជីព។ ការចាប់ខ្លួនឈ្មោះ សុធា សុផានិត ដោយសារក្រុមនេះ បានឆក់យកកាបូបប្រាក់ចំនួន២ករណីនៅចំណុចស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ និងអំពើឆក់យកកាបូបស្ពាយនៅចំណុចមុខផ្ទះលេខ១៦៦អឺសូន្យ ផ្លូវ១៨២ សង្កាត់វាលវង្សចណ្ឌ៧មករា កាលពីថ្ងៃទី ១៦មិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ចបានអោយដឹងថា ក្នុងការបង្ក្រាបក្រុមចោរហារយនេះ នគរបាលបានរឹបអូស ដាវមួយដើម ប្រវែងមួយម៉ែត្រ ស្លាកលេខម៉ូតសៀមរាប 1F ៧៩២៧ ស៊ីមកាតទូរស័ព្ទ០៩៧ចំនួន៥៣បន្ទះ និងសម្ភារៈជក់គ្រឿងញៀនមួយឈុតធំ។
ដោយឡែកករណីប្លន់យកម៉ូតូ កាលពីថ្ងៃទី ៣១កក្កដាដា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍SCG ផ្លូវហាយណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ មានជនរងគ្រោះឈ្មោះសាន ទិត្យ អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារអ៊ីអន២ បណ្ដាលអោយបាត់ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចមួយគ្រឿង។
ឥឡូវនេះក្រុមជនដៃដល់ទាំង៥នាក់ ត្រូវឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការនៅថ្ងៃនេះ៕
Source: Kampuchea Thmey Daily
0 Comments