ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឯកអគ្គរដ្ឋទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា កាលពី រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ មានរៀបចំពិធីចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងពិធីនោះ មានការអញ្ជើញពីលោក ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការចុះពិធីសារនាថ្ងៃនេះ គឺជាការឆ្លើយតបរបស់ភាគីចិន តាមសំណើរបស់ភាគីកម្ពុជា តាមរយៈក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ផ្តើមចរចាទីផ្សារជាមួយភាគីចិនឡើងវិញ តាមរយៈការរៀបចំផែនការការងារសម្រាប់រៀបចំពិធីសារនាំចេញផ្លែចេកកម្ពុជាទៅកាន់ប្រទេសចិន និងបានឯកភាពគ្នាលើសេចក្ដីព្រាង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនៅសហភាពមីយ៉ាន់ម៉ា។ បន្ទាប់មកនៅថ្ងៃទី២៥២៦ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលអតីតអគ្គរដ្ឋបាលត្រួតពិនិត្យ គុណភាព អធិការកិច្ច និងចត្តាឡឺស័កនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញអ្នកជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសដើម្បីបញ្ចប់សេចក្តីព្រាងពិធីសារស្តីពីតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែចេកស្រស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយអតីតអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក នៅទីក្រុងប៉េកាំង និងបានសន្យាគ្នាថា ភាគីទាំងពីរនឹងកំណត់ពេលវេលា និងកន្លែងសម្រាប់ចុះហត្ថលេខាពិធីសារខាងលើនេះឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័កជាមួយអគ្គរដ្ឋបាលគយចិន និងមានថ្នាក់ដឹកនាំអគ្គរដ្ឋបាលគយថ្មី។
ក្រសួងបន្តថា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័កនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការចរចាជាមួយភាគីចិន ដើម្បីជំរុញឱ្យផលិតផលកសិកម្មបាននាំចូលទៅកាន់ទីផ្សារចិន។ ជាលទ្ធផល ពិធីសារមួយចំនួនត្រូវបានចុះហត្ថលេខារួមមាន៖1) ពិធីសារស្តីពីការនាំផលិតផលដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក(AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ។2) ពិធីសារស្តីពីការនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ។3) ពិធីសារស្តីពីការនាំអង្ករចេញទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយនឹងលទ្ធផលដែលទទួលបានបន្ថែមនាថ្ងៃនេះ គឺភាគីកម្ពុជាបាននិងកំពុងបន្តស្នើសុំទៅភាគីចិនឲ្យពិនិត្យលទ្ធភាព និងពន្លឿនការងារបន្ថែម ក្នុងការនាំចូលនូវផលិតផលកសិកម្មចាំបាច់មួយចំនួនទៀតទៅកាន់ទីផ្សារចិន ដូចជា៖ ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែផូង និងសំបុកទឹកមាត់ត្រចៀកកាំ សម្រាប់ធ្វើការនាំចេញទៅប្រទេសចិនជាបន្តទៀត។ សូមបញ្ជាក់ថា ផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិននាឆ្នាំ២០១៧ មានអង្ករមានចំនួនជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀមនិងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣.៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments