ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជាដែលកំពុងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីបានថ្លែងឲ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប និង ប្រធានស្នងការអឺរ៉ុប ទើបតែបានផ្ញើលិខិតអញ្ជើញ ២ ច្បាប់មកអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប និង កិច្ចប្រជុំ អឺរ៉ុប អាស៊ាន នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ឺលហ្សិច នៅក្នុងខែតុលាខាងមុខនេះ។
សម្តេចបានបញ្ជាក់ថា សម្តេចក៏បានយល់ព្រមរួចហើយដែរចំពោះ ការអញ្ជើញនេះ។ សម្តេចតេជោបានបញ្ជាក់ថា នេះជាសារប្រាប់ទៅអ្នករស់នៅប្រទេសអឺរ៉ុបដែលចង់ធ្វើបាតុកម្មប្រឆាំងនឹង ហ៊ុន សែន អាចត្រៀម ធ្វើបាតុកម្មទុកជាមុនប្រឆាំងហ៊ុនសែន និង អ្នកដែលគាំទ្រហ៊ុន សែនអាចត្រៀមខ្លួនទុកជាមុន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន ក្នុងខណ្ឌមានជ័យ ដែលបានធ្វើឡើងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនាព្រឹក ថ្ងៃទី២ ខែសីហានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា បើទោះបីថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលជាផ្លូវការក៏ដោយ តែគណបក្សប្រជាជនបានដឹងថា ឈ្នះ តែសម្តេចមិនប្រកាសថា ឈ្នះប៉ុន្មានទេ គឺទុកឲ្យ គ.ជ.ប ជាអ្នកប្រកាស។ ក៏ប៉ុន្តែ សម្តេចក៏ត្រូវមានផែនការសម្រាប់ដើរទៅមុខផងដែរ រាប់ទាំងការគិតគូរអំពីពេលវេលាសម្រាប់ទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។
សម្តេចបានបន្តថា ទោះបីសម្តេចមិនមានពេលវេលាទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិទេ ដោយសារថា រាជរដ្ឋាភិបាលបង្កើត ឡើងនៅ ថ្ងៃទី ២០ ខែកញ្ញា ហើយត្រូវកោះប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២១ កញ្ញា ហើយកិច្ចប្រជុំមហាសន្និបាតនៅអង្គការសហប្រជាជាតិ នៅថ្ងៃ ២៥ ខែកញ្ញា ដូចនេះយ៉ាងហោចណាស់ក៏យើងអាចបញ្ជូនរដ្ឋមន្ត្រីការបរទេសថ្មីទៅថ្លែងនៅអង្គការសហប្រជាជាតិផងដែរ។
សម្តេចតេជោបានបន្តថា បើយោងតាមប្រក្រតីទិន នៅខែតុលាសម្តេចនិងទៅកាន់ប្រទេសអឺរ៉ុប ដូចនេះសូមជូនដំណឹងនេះទៅកាន់ អ្នករស់នៅអឺរ៉ុប ថាហ៊ុនសែន នឹងទៅអឺរ៉ុប ដូចនេះសូមអ្នកដែលប្រឆាំងនិងហ៊ុនសែន ក៏ដូចជាអ្នកគាំទ្រហ៊ុនសែន នៅអឺរ៉ុបត្រៀមទុកឲ្យហើយ។
ទោះបីយ៉ាងណាសម្តេចបានបន្តថា អ្នកដែលធ្វើបាតុកម្មប្រឆាំងហ៊ុនសែននៅតាមប្រទេសនានាមិនបានស្មើ ១០ ភាគរយនៃអ្នកដែលគាំទ្រហ៊ុន សែន នៅតាមប្រទេសនានានោះទេ ពេលខ្លះពួកគេទៅជ្រកជាមួយបាតុករវៀតណាម បាតុករភូមា ឡាវជាមួយថៃផង ប្រឹងចូលជ្រកជាមួយគេឲ្យថតទៅឃើញចំនួនច្រើនតាមពិតគ្នាមិនដល់១០០នាក់ផង។
សម្តេចតេជោបានឲ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប និង ប្រធានស្នងការអឺរ៉ុបទើបតែបានផ្ញើលិខិតអញ្ជើញ២ច្បាប់មកអញ្ជើញ សម្តេចចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបនិង កិច្ចប្រជុំអឺរ៉ុបអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ឺលហ្សិច នៅក្នុងខែតុលាខាងមុខនេះ។
សម្តេចបាន បញ្ជាក់ថា សម្តេចក៏បានយល់ព្រមរួចហើយដែរចំពោះការអញ្ជើញនេះ ។ សម្តេចក៏បានបញ្ជាក់ពីការបរិច្ឆេទនៃការចេញដំណើរគឺនៅល្ងាចថ្ងៃទី១៧ ខែតុលា ។ ថ្ងៃ ១៨ និង ១៩ តុលា ប្រជុំ។ ថ្ងៃទី ២០ ដល់ ២២ ខែតុលា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទួលគី ។ ថ្ងៃ ២៣ ដល់ ២៥ ទៅចូលរួមសន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្មនៅហ្សឺណែវ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដាក់តឿនដល់ពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរថា ឥឡូវនេះមានម្ចាស់ប្រទេសមួយចំនួនបានបង្ហាញអំពីការធុញទ្រាន់ហើយចំពោះពលរដ្ឋខ្មែរហើយ ព្រោះតែភាពរញ៉េរញ៉ៃនៃការធ្វើបាតុកម្មនៅក្នុងប្រទេសរបស់គេហើយ។ សម្តេច តេជោបានបន្តថា ក្នុងដំណើរទៅកាន់ប្រទេសអឺរ៉ុបលើកនេះ សម្តេចក៏មានគម្រោងជួបជាមួយបងប្អូនខ្មែរដែលរស់នៅប្រទេសអឺរ៉ុបផងដែរសម្តេច បានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាត្រៀមលក្ខណៈជួលសណ្ឋាគារសម្រាប់ជំនួបនោះ ទាំងនៅប្រ៊ុចសែល និង នៅស្វីស៕
Source: Kampuchea Thmey Daily
0 Comments