Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​ ជំរុញ​ឲ្យ​អនុវត្តន៍​ការងារ​១០ចំណុច​ ពាក់ព័ន្ធ​នឹង​សុខទុក្ខ​កម្មករនិយោជិត



ភ្នំពេញ ​៖ ​នៅក្នុង​យុទ្ធនាការ​ចុះ​ជួប​ជាមួយ​កម្មករនិយោជិត​នៅ​ជុំ​ទី​២ ដែល​បាន​ចាប់ផ្តើម​នា​ព្រឹក​ថ្ងៃទី​២ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​អនុវត្តន៍​ឲ្យ​បាន​សកម្ម​ថែមទៀត​នូវ​អនុសាសន៍ ១០​ចំណុច ដែល​បាន​ដាក់ចេញ​ការ​ពី​មុន​ពេល​បោះឆ្នោត ក្នុង​គោលដៅ​ជំរុញ​ការ​យកចិត្តទុកដាក់​ចំពោះ​កម្មករ និង​ការ​អភិវឌ្ឍ​បន្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥-២០២៥។

បន្ទាប់ពី​អាក់ខាន​ជួប​ជាមួយ​កម្មករ​ចាប់ពី​មុន​យុទ្ធ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​៥ ខែកក្កដា នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា​នេះ ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ជួប​ជាមួយ​កម្មករ​ជាថ្មី​ទៀត ដោយ​សម្តេច​ចាត់ទុកថា​នេះ​ជា​ជុំ​ទី​២។ នៅ​ព្រឹក​ថ្ងៃទី​២ សីហា​នេះ មាន​កម្មករ និយោជិត​ប្រមាណ​ជាង​១ម៉ឺន បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​ចាប់ផ្តើម​ជុំ​ទី​២​នៃ​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ ។ ជុំ​ទី​១ បានបញ្ចប់​នៅមុន​យុទ្ធនាការ​បោះឆ្នោត ដែល​យើង​គិត​ទៅ​គឺមាន​រយៈពេល​ជិត​១​ឆ្នាំ ហើយ ដែល​ក្នុងនោះ​បើ​គិតពី​ចំនួន​កម្មករ​គឺមាន​ប្រមាណ ៧០ ម៉ឺននាក់។



សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ ដែល​បាន​បន្ត​នូវ​អ្វី​ដែល​បាន​សន្យា​ជាមួយ​ក្មួយៗ ថា​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត សម្តេច​នឹង​បន្ត​ជួប​ជាមួយនិង​កម្មករ​បន្ត​ទៀត​ទៅតាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក។ សម្តេច​បាន​បន្តថា ឥឡូវនេះ​យើង​បាន​ដឹង​ហើយ​ថា អនាគត​នៃ​នាយករដ្ឋមន្ត្រី​នៅតែ​ដដែល​សម្រាប់​នីតិកាល​ទី​៦ គឺ​នៅតែ​ជា ហ៊ុន សែន ដដែល​ទេ។ សម្តេច​បន្ត​ថា សម្តេច​បាន​សន្យា​ថា​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​រយៈ​ពេល​យ៉ាងតិច​១០​ឆ្នាំ​ទៀត ហើយ​ឆ្នាំ​២០២៣ យើង​នឹងធ្វើ​ការបោះឆ្នោត​ជាថ្មី​ម្ដងទៀត។

នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សុំ​ឲ្យ​បន្តការងារ​ដែល​បាន​ដាក់​ចេញរួច​មកហើយ ហើយ​ដែល​កំពុង​អនុវត្តន៍​មុន​នេះ ដែល​ក្នុង​នោះ​រួមមាន ៖ ទី​១-​នៅ​ឆ្នាំនេះ ប្រាក់ខែ​អប្បបរមា​អ្នកណា​ឲ្យ​១៧០ ផ្លូវច្បាប់​ឲ្យ​ក្រោម​១៧០ ខុសច្បាប់ តែបើ​ឲ្យ​លើស​១៧០ ត្រូវ​ច្បាប់។

ចនេះ បញ្ហា​ដែល​ថ្មី​គឺ​ជំរុញ​ការ​បើក​ប្រាក់ខែ​ពីរ​អាទិត្យ​ម្តង ដែល​បញ្ហា​នេះ រោងចក្រ​មួយចំនួន​បាន​អនុវត្ត​រួចហើយ​។ ចំណែក​មន្ត្រីរាជការ​ក​ង​កម្លាំងប្រដាប់អាវុធ​នឹង​បើក​ប្រាក់ខែ មួយខែ​ពីរ​ដង​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩ ទៅ។ ការ​ធ្វើ​បែបនេះ​គឺ​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន និង​បញ្ចៀស​ពី​ការ​ចង​ការប្រាក់​ផងដែរ​។

ទី​២-​បន្ត​ពិនិត្យ​ឲ្យ​បាន​ដិតដល់ ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កម្មករ​-​កម្ម​ការ​នី​ដោយ​មិន​គិតថ្លៃ។ ត្រូវ​បន្ត​ការខិតខំ​បន្តទៀត​មិនត្រូវ​ធ្វើ​តែ​ក្នុងពេល​បោះឆ្នោត​នោះទេ គឺ​ធ្វើ​រហូត​ដែល​លុះត្រាតែ​សម្តេច​លែង​ធ្វើជា​នាយករដ្ឋមន្ត្រី​។

ទី​៣-​ត្រូវ​តាមដាន​ពិនិត្យមើល​ការអនុវត្ត​ចំពោះ​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​និង​ឆ្លងទន្លេ​ត្រូវ​ទទួលបាន​ប្រាក់ខែ​១២០% ជាមួយនឹង​ការ​សម្រាក ៣​ខែ ដោយមាន​ប្រាក់ខែ។

ទី​៤-​ត្រូវ​តាមដាន​មើល​ការ​បើក​សាច់ប្រាក់​ជូន​កម្មការិនី​ដែល​ឆ្លងទន្លេ ដែល​មកដល់ពេលនេះ​មានកម្ម​ការិនី​ឆ្លងទន្លេ​ប្រមាណ​ជាង ៣៣.០០០ នាក់​ហើយ។ ឆ្នាំនេះ គ្រោងទុក​ក្នុង​ថវិកាជាតិ ១០លាន​ដុល្លារ តែ​មកដល់ពេលនេះ យើង​ចាយ​ទើបតែ​អស់​ប្រមាណ ៣​លាន​ដុល្លារ​ប៉ុណ្ណោះ។

ទី​៥-​ត្រូវ​ខិតខំ​ពិនិត្យមើល​ការ​បង់​ធានារ៉ាប់រង​សម្រាប់​សុខភាព​ចំពោះ​កម្មករ និយោជិត។

ទី​៦-​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ការអនុវត្ត​ថ្លៃឈ្នួល​ទឹក​-​ភ្លើង និង​ឈ្នួល​ផ្ទះ។ ថ្លៃ​ភ្លើង​បាន​ចុះ​ថែមទៀត ហើយ​និង​ត្រូវ​ចុះ​ថែមទៀត​នៅក្នុង​ឆ្នាំ​២០១៩។ ឆ្នាំ​២០២០ នៅ​គ្រប់​ឃុំ​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​តែ​មាន​បណ្ដាញអគ្គីសនី​រដ្ឋ​ទៅដល់ ដោយ​ឲ្យ​តម្លៃ​ភ្លើង​និង​បន្ត​ចុះថោក​ថែមទៀត​។

ទី​៧-​ខិតខំ​ធ្វើ​ឲ្យ​កម្មករ​-​កម្ម​ការ​នី​និង​និយោជិត​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅពេល​ចាស់ ដែល​នឹង​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០១៩ នេះ​។ ដូចនេះ ក្មួយៗ​ត្រូវ​រក្សាទុក​នូវ​សៀវភៅ​ការងារ​របស់ខ្លួន រយៈពេល​១០ ឆ្នាំ​មួយថ្ងៃ។

ទី​៨-​ត្រូវខិតខំ​ដោះស្រាយ​ចំពោះ​ករណី​ម្ចាស់​រោងចក្រ​រត់ចោល​កម្ម​ករ ដែល​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ចំណាយ ២២ លាន​ដុល្លារ​រួច​មក​ហើយ​។ ប្រាក់​អតីតភាព​ការងារ​ត្រូវ​បើក​ខាង​កម្មករ​ក្នុង​រយៈពេល​១​ខែម្ដង ដើម្បី​ជៀសវាង​ថៅកែ​រត់ចោល​កម្មករ។

ទី​៩-​ការ​យកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន​កម្ម​ករ។ នេះ​ជា​រឿង​មួយ​ថ្មី​នៅក្នុង​ចំណោម​រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់។



ទី​១០-​ត្រូវ​បន្ត​ដោះស្រាយ​ពលករ​ដែល​កំពុងធ្វើកា​រ​នៅក្រៅ​ប្រទេស ហើយ​យើង​បាន​បញ្ចប់​រួចរាល់​ហើយ​ចំពោះ​បងប្អូន​កម្មករ​នៅក្នុង​ប្រទេស​ថៃ។ សូម​បងប្អូន​កុំ​យល់ច្រឡំ ,​ការ​យល់ច្រឡំ​ទីមួយ​បងប្អូន​គិតថា បងប្អូន​ធ្វើ​ចំណាកស្រុក​ជា​រឿង​មិន​ត្រឹមត្រូវ មិនមែន​តែ​កម្ពុជា​ទេ ប្រទេស​ថៃ​ខ្លួនឯង​ក៏មាន​អ្នកធ្វើ​ចំណាកស្រុក ដែល​សព្វថ្ងៃនេះ​ថៃ​មាន​ពលករ​ច្រើនណាស់​នៅ​កូរ៉េ នៅ​កោះ​តៃវ៉ាន់ នៅ​មជ្ឈិមបូព៌ា។ គេ​បាន​បញ្ជូន​ពលករ​រប​ស់​គេ​ទៅយក​ប្រាក់ខែ​ដែលមាន​កម្រិត​ខ្ពស់ តែ​គេ​បាន​បញ្ចូល​ត្រឡប់​ទៅវិញ​នូវ​ពលករ​ដែលមាន​កម្រិត​ទាប​ពី​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ខ្លាំងណាស់​ដើម្បី​ឲ្យ​ប្រទេស​ថៃ​ផ្ដល់នូវ​ភាពស្របច្បាប់​ចំពោះ​ក្មួយៗ ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុង​ចរចា​រក​ទីផ្សារ​ការងារ​បន្ថែម​ទៀត​សម្រាប់​ពលរដ្ឋ។ ដូចជា​ទីផ្សារ​ការងារ​នៅ​ជប៉ុន នៅ​កូរ៉េខាងត្បូង និង នៅ​មជ្ឈិម​បូព៌ា ដើម្បី​ឲ្យ​ពលករ​របស់​យើង​ទទួល​បាន​នូវ​ប្រាក់ខែ​ខ្ពស់។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាប់​ផ្តើម​ចុះ​បើក​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​តាំងពី​ថ្ងៃអាទិត្យ ខែសីហា ឆ្នាំ​២០១៧​មក​ម្ល៉េះ​។ មក​ដល់ពេល​ពេលបច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ៥១​លើក ដោយមាន​កម្មករ កម្មការិនី​ចូល​រួមស​រុ​ប ៧០០.២០២​នាក់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu