Ad Code

គ្រូ​ណាហ្គា​វើ​ល និង​បឹងកេត លើកឡើង​ផ្សេងគ្នា​ ក្រោយ​បញ្ចប់​ការប្រកួត​ជើង​ទី​១​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន



ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម​បឹងកេត ដោយ​លទ្ធផល ២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ក្នុង​ប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ (Hun Sen Cup 2018) ខណៈ​គ្រូបង្វឹក​ក្រុម​ទាំង​២​បានលើកឡើង​ផ្សេងៗ​គ្នា​ក្រោយ​ចប់​ការប្រកួត​។

​លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល បាន​លើក​ឡើង​ថា «​ទាក់ទង​នឹង​ការប្រកួត​នេះ ដំបូង​ទាក់ទង​នឹង​ទីលាន​។ យើង​មិន​រំពឹង​ទុក​បែបនេះ​ទេ។ ពី​ដំបូង​កាលពីមុន​ទាន់​ភ្លៀង​យើង​រំពឹងថា​ អាច​លេង​បាន​ល្អ​ជាង​នេះ ប៉ុន្តែ​បន្ទាប់ពី​ភ្លៀងហើយ​យើង​ពិបាក​មែនទែន​។ ពិសេស​ពេល​យើង​លេង​១០​នាទី​ដំបូង​មុន​ពេល​ផ្អាក ដោយសារ​វា​មាន​ទឹក​ដក់​អញ្ចឹង យុទ្ធសាស្ត្រ​យើង​ត្រៀម​ទុក​ត្រូវ​ផ្លាស់ប្ដូរ​វិញ​។ ការរៀបចំ​ការ​លេង​ខាងក្រោម​ត្រូវ​ប្ដូរ​ទៅលេង​នៅ​ខាងលើ អញ្ចឹង​វា​ពិបាក​មែនទែន​សម្រាប់​ជ័យជម្នះ​២​គ្រាប់​ហ្នឹង​»​។

គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC A License រូប​នេះ​បន្ត​ថា «​យើង​ទទួល​បាន​ផល​ចំណេញ​មែនទែន សម្រាប់​២​គ្រាប់​នេះ បើ​មួយ​គ្រាប់​យើង​បារម្ភ​ខ្លាំង ២​គ្រាប់​ក៏​យើង​បារម្ភ​ដែរ ប៉ុន្តែ​យើង​ចំណេញ​ត្រង់​ថា​ បាន​ដាក់​សម្ពាធ​លើ​គូប្រកួត​ហើយ​ស្រេច​។ ២​គ្រាប់​នេះ​ធ្វើ​ឲ្យ​គូប្រកួត​មាន​សម្ពាធ ធ្វើ​ឲ្យ​យើង​កាន់​តែមាន​ទំនុកចិត្ត មាន​អារម្មណ៍​លេង​កាន់តែ​ល្អ​ជាង​មុន​»​។



លោក មាស ចាន់ណា បញ្ជាក់​ទៀត​ថា «​ជាធម្មតា​ទេ​! កាលណា​យើង​នាំមុខ​មួយ​គ្រា​ប់ គូប្រកួត​ប្រឹង​វាយបក​យក​គ្រាប់​វិញ ព្យាយាម​រក​ឱកាស​វាយបក​វិញ គោលការណ៍​គឺ​វា​អញ្ចឹង​។ ធម្មតា​ក្រុម​មួយ​ពេល​ចាញ់​មួយ​គ្រាប់​ហើយ​លេង​ពន្យារពេល​ទេ យ៉ាងម៉េច​ក៏ដោយ បើ​លេង​ទៅមុខ​ហើយ​ព្យាយាម​រក​ឱកាស​។ កាលណា​ពួកគេ​ឱកាស​តិចជាង​ពួក​យើង ពួកគេ​ព្យាយាម​វាយបក​»​។

​ចំណែក​លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត វិញ​បាន​លើកឡើងថា «​ការប្រកួត​នេះ​ពួកយើង​បាន​ចាញ់​ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត ការ​លេង​របស់​ក្រុម​ដែល​ប្រើ​យុវជន​ច្រើន ហើយ​ឆន្ទៈ​លេង​របស់​គាត់​ធ្វើ​បាន​ល្អ​។ យើង​ចាញ់​តែ​យើង​ពេញចិត្ត​ការលេង​របស់​ក្រុម​។ វា​ពិបាក​ដែល​យើង​ត្រូវ​រក​ពីរ​គ្រាប់​មកវិញ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​យើង​នឹង​ព្យាយាម​លេង​ឲ្យ​បាន​ល្អ ពីព្រោះ​ការ​ត្រឡប់មកវិញ​យើង​មា​នន​កីឡាករ​មួយចំនួន​អាចជួយ​យើង​ដូចជា ចាន់​វឌ្ឍនាកា ស៊ុន សុវណ្ណ​រិទ្ធី​ជាដើម​។ វឌ្ឍនាកា​មាន​បញ្ហា​សុខភាព​គាត់​មិនអាច​លេង​បាន​»​។

​គ្រូបង្វឹក​ខាងលើ​បន្ត​ថា «​បញ្ហា​ទីលាន​ក៏​ជា​រឿង​មួយ​ដែរ​ពីព្រោះ​ពេល​យើង​ហ្វឹកហាត់​នៅ​លើ​ទីលាន​ដែល​ស្ងួត អត់​មាន​ទឹក តែ​ពេល​យើង​មក​ប្រកួត​ហើយ​យើង​ពិបាក​គ្រប់​គ្រង់​បាល់​ពិសេស​បច្ចេកទេស​ក្នុង​ការ​លេង​។ យើង​មិនអាច​និយាយ​បាន​មុន​ទេ ឬក៏​រំពឹង​ទុក​លើ​ការ​វាយបក​យក​ពី​គ្រាប់​មកវិញ​នោះទេ​ពីព្រោះ​វា​មានការ​លំបាក​ច្រើនតែ​ចំណុច​នេះ​យើង​នឹង​រៀបចំ​ឲ្យ​បានល្អ​»​។



លោក ហៅ សុជាតិ សម្លឹង​ឃើញថា «​យើង​ចាញ់​ដោយសារ​យើង​ប្រើ​យុវជន​ច្រើន​កីឡាករ​ខ្លះ​ទើប​ចាប់ផ្ដើម​លេង​ហើយ​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​យើង​ពិបាក​ក្នុង​ការ​ឲ្យ​គាត់​បង្ហាញ​ឲ្យ​បានល្អ​។ ណាហ្គា​ជា​ក្រុម​ខ្លាំង​មួយ យើង​ស្ទើ​នៅ​តំបន់​បញ្ចប់​ទី តំបន់​ការពារ​យើង​គ្មាន​បញ្ហា​ព្រោះ​យើង​មាន​កីឡាករ​ល្អ​ច្រើន​តែបើ​និយាយ​ពី​តំបន់​ខាងលើ​យើង​ប្រើ​យុវជន​ច្រើន​។​ពួកគេ​នាំមុខ​យើង​នៅ​វគ្គ​ទីមួយ​ហើយ​យើង​ប្រឹង​វាយបក​ដែល​ធ្វើ​ឲ្យ​មាន​ចន្លោះ​ច្រើន នេះ​ជា​បញ្ហា​»​។

សូម​រំលឹក​ថា ​២​គ្រាប់​របស់​ក្រុម​ណាហ្គា​វើ​ល រកបាន​ដោយ​ខ្សែប្រយុទ្ធ រុន រ៉ានី រកបាន​គ្រាប់​បាល់​ទី​១​នៅ​នាទី​៤៥+២ និង​ខ្សែប្រយុទ្ធ សារី ម៉ាត់​នូ​រ៉ូ​ទីន នាទី​៨៤​។ ក្រុម​ទាំង​២​នឹង​ត្រូវ​ប៉ះគ្នា​នៅ​ជើង​ទី​២ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​៨​ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ហើយ​ក្រុម​ឈ្នះ​ទាំង​២​ជើង​នឹងទទួល​បាន​កៅអី​ឡើង​ទៅ​លេង​វគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ជា​បន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu