Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល​ថ្មី ​នឹង​បង្កើត​ឡើង​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៨



ភ្នំពេញ ៖ សមាជិកសភា​នីតិកាល​ទី ៦ នឹង​ធ្វើ​សច្ចាប្រណិធាន​នៅ​ល្ងាច​ថ្ងៃទី​១៩​កញ្ញា​ខាងមុខ​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​និង​បែងចែក​អាសនៈ​ជា​ផ្លូវការ ហើយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ នឹង​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ ទី ២០ ខែកញ្ញា​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោជិត​ប្រមាណ​ជាង​១ ម៉ឺន ក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នា​ព្រឹក​ថ្ងៃទី​២​ខែសីហា​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា តាម​ការ​គ្រោងទុក​រាជ​រដ្ឋាភិបាល​ថ្មី​និង​បង្កើតឡើង​នៅ​ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៨ ខាងមុខ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់ថា ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជសារ​មួយ​កោះប្រជុំ​សមាជិក​តំណាងរាស្ត្រ​ពី​គណបក្ស​ដែល​ឈ្នះ​ចូល​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល និង ធ្វើការ​បែងចែក​អាសនៈ​ជា ផ្លូវការ​។ បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី ១៩ ខែកញ្ញា​នឹងមាន​ការស្បថ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែកញ្ញា​រាជរដ្ឋាភិបាល​ថ្មី​នឹង​ត្រូវបាន​បង្កើតឡើង​ហើយ​ល្ងាច​ឡើង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​។ នៅ​ព្រឹក​ថ្ងៃទី ២១​កិច្ចប្រជុំ​គណៈ រដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​ធ្វើឡើង​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ក្រោយពី​ធី​ស្បថ​ចូលកាន់​តំណែង​រួចរាល់​ប្រធានរដ្ឋសភា​នឹង​កោះអញ្ជើញ​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងអស់​មក​បើក​កិច្ចប្រជុំ​នៃ​អាណត្តិ​ថ្មី​របស់ខ្លួន​ដើម្បី​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី ២១ ខែកញ្ញា​។



​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ពន្យារពេល​រហូត​ដល់​ទៅ​ជាង​មួយខែ​ ក្នុង​ការ​បង្កើត​រដ្ឋសភា​ថ្មី ក៏ដូចជា​រាជរដ្ឋាភិបាល​ថ្មី ក្រោយពេល​លទ្ធផល​បោះឆ្នោត​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា ដូចជា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន ក្រោយពេល​លទ្ធផល​បោះឆ្នោត​ប្រកាស​ភ្លាម គឺ​គេ​បង្កើត​រដ្ឋាភិបាល​ភ្លាមៗ​តែម្តង តែ​សម្រាប់​កម្ពុជា ត្រូវ​ទុកពេល​ឲ្យ​មានការ​ប្តឹង​តវ៉ា​ពី​គណបក្ស​នយោបាយ​នានា​ក៏ដូចជា​ទុក​ពេល​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោះស្រាយ​បញ្ចប់​នូវ​វិវាទ​នានា​ជាមុនសិន​។

អី​ឡូ​វ​នេះ​ការបោះឆ្នោត​កំពុងតែ​ស្ថិតក្នុង​ការដោះស្រាយ​រប​ស់ គ​.​ជ​.​ប បន្ទាប់ពី គ​.​ជ​.​ប ដោះស្រាយ​បញ្ហា​រួចហើយ​ប្រសិនបើ​មាន​បញ្ហា​ដោះស្រាយ​មិនបាន​នឹងត្រូវ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោះស្រាយ​រួចហើយ​ទើប​បង្វិល​បញ្ហា​នេះ​ឲ្យ គ​.​ជ​.​ប រៀបចំ​ពិនិត្យ និង​ប្រកាស​លទ្ធផល​ផ្លូវការ​ហើយ​បែងចែក​អាសនៈ និង​ប្រកាស​បេក្ខជន​ជាប់ឆ្នោត​ផងដែរ​។ សម្រាប់​កម្ពុជា​ត្រូវ​ពន្យារ​រហូតដល់​ខែកញ្ញា​ព្រោះ​ទុក​លទ្ធភាព ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោះស្រាយ​នូវ​បញ្ហា​លើ​ពាក្យ​បណ្តឹង​មួយចំនួន​របស់​គណបក្ស​នយោបាយ​។

ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ធ្វើ​ឡើង​២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី ១១ ខែសីហា ដើម្បី​ទទួល​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​គ្រប់​គណបក្ស​ទាំងអស់​។ រហូតដល់​ថ្ងៃទី​១៥ ខែសីហា​។ ប្រសិនជា​មិន​មាន​ពាក្យបណ្ដឹង​នោះទេ​ការប្រកាស​លទ្ធផល​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៥ ខែសីហា​តែម្ដង។ ប៉ុន្តែ​បើ​មាន​ពាក្យបណ្ដឹង​មក គ​.​ជ​.​ប ដើម្បី​ដោះស្រាយ​នោះ​ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា​វិញ។ បន្ទាប់មក​ព្រះមហាក្សត្រ​និង កោះ​ប្រជុំ​សភា​លើកដំបូង​មិន​លើសពី ៦០ ថ្ងៃ នេះ​យោងតាម​នីតិវិធី​របស់​ដំណើរការ​បោះឆ្នោត និង ដំណើរការ​បង្កើត​រដ្ឋាភិបាល​នៅ​កម្ពុជា​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចេញទៅ​បោះឆ្នោត​មាន​ប្រមាណ ៦.៩៤៦.១៦៤​នាក់ ស្មើនឹង​ប្រមាណ ៨២,៨៩​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨.៣៨០.២១៧​នាក់​។ ក្នុង​នោះ​សំឡេង​បានការ​មាន​ចំនួន ៦.៣៤៩.៣៨៩​នាក់ ហើយ​មិនបានការ​ចំនួន ៥៩៦.៧៧៥​នាក់​។​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​គឺមាន​ចំនួន​រហូតដល់​ទៅ ៤.៨៧៥.១៨៩​នាក់​ស្មើនឹង​៧៦,៧៨​ភាគរយ​។ តាមរយៈ​សំឡេងឆ្នោត​នេះ​បើ​គេ​គណនា​រក​ចំនួន​អាសនៈ​តាម​រូបមន្ត​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​យក​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង ១២៥​អាសនៈ​តែម្តង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu