Ad Code

ក្រុម​វិសាខា គ្រោង​បង្កើត​គម្រោង​ពិសេស​មួយ​ដល់​កីឡាករ​ជា​សមាជិក​របស់ខ្លួន



ក្រុមបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 រៀប​គម្រោង​ពិសេស​មួយ​ដល់​កីឡាករ​ជា​សមាជិក​របស់ខ្លួន​ក្លាយជា​ទូត​តំណាង​តាម​ខេត្ត​កំណើត​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​គោលដៅ​និង​បង្កើន​ភាព​ទាក់ទាញ​ដល់​ក្លិប​។

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​វិសាខា បាន​លើក​ឡើង​ថា គម្រោង​នេះ​នឹង​លេចចេញ​ជា​រូបរាង​ឡើង នៅ​ដំណាច់​រដូវ​កាល​២០១៨​ខាងមុខ​។ អតីត​ជម្រើសជាតិ​កម្ពុជា រូប​នេះ​បញ្ជាក់​ថា «​គោលដៅ​របស់​ឯកឧត្តម​ប្រធាន គឺ​ចង់​ឲ្យ​កីឡាករ​ជា favorite របស់​អ្នកគាំទ្រ មាន​ស្រុកកំណើត​នៅ​ខេត្ត​ណា នឹង​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​ខេត្ត​ហ្នុ​ង​។ ឧទាហរណ៍ ដូច កែវ សុខ​ផេង មានកំណើត​នៅ​ខេត្តក្រចេះ គាត់​នឹង​ធ្វើជា​តំណាង​វិសាខា​នៅ​ខេត្តក្រចេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹងថា កីឡាករ​ពី​ខេត្តក្រចេះ មាន​ជាប់​ជម្រើសជាតិ និង ដឹងថា ជា​កីឡាករ​ល្អ​នៅ​កម្ពុជា​»​។



លោក ហុក សុចិ​ត្រា បន្ថែម​ថា គោលការណ៍​ដ៏​ធំ​របស់​វិសាខា គឺ​វិវឌ្ឍន៍​ខ្លួន​ទៅជា​ក្លិប​អាជីព​ដ៏​ពិតប្រាកដ​មួយ​នៅ​កម្ពុជា ហើយ​ការ​រួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ក៏​ជា​ផ្នែក​មួយ​របស់​ក្លិប​ផងដែរ​។

​ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរ​តួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។



ក្រុម​នេះ​ជា​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​នៅ​ឆ្នាំ​ចាស់​នេះ ខណៈ​ឆ្លងកាត់​១៥​ប្រកួត​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិសាខា ឈរ​លេខ​៣​ក្នុង​តារាង​រួម​ដែលមាន​១២​ក្រុម​ក្រោយ​ប្រកួត​ឈ្នះ​១១ លើក​ស្មើគ្នា​២​លើក និង​ចាញ់​២​លើក មាន​៣៥​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu