យោងតាមឯកសារពង្រាងមួយដែលត្រូវបានមើលឃើញកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងសន្តិសុខប្រព័ន្ធអ៊ីនធឺណេតមួយជាមួយប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះបន្ទាប់ពីមានការគំរាមកំហែង Hack ជាបន្តបន្ទាប់នៅក្នុងតំបន់។
សេចក្តីព្រាងនៃឯកសារនេះដែលត្រូវបានមើលឃើញដោយរ៉យទ័រគឺបានពិភាក្សាអំពីការចុះកិច្ចព្រមព្រៀងជាផ្លូវការមួយជាមួយប្រទេសរុស្ស៊ី។ វាត្រូវបានគេកំណត់ថានឹងបញ្ចេញដោយរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ប្រទេសនៅចុងបញ្ចប់នៃកិច្ចប្រជុំដែលកំពុងដំណើរការជាមួយសមាជិកសភាសកលលោកដទៃទៀតនៅក្នុងប្រទេសសិង្ហបុរី។
សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញផងដែរក្នុងការចរចាស្តីពីក្រមសីលធម៌នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកតិកាសញ្ញាពាណិជ្ជកម្មដ៏មានមហិច្ឆតាដែលគាំទ្រដោយប្រទេសចិន។
ឯកសាព្រាងនេះបាននិយាយថា “យើងសូមស្វាគមន៍ចំពោះការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យសន្តិសុខប្រព័ន្ធអ៊ីនធឺណេតជាមួយរុស្ស៊ីតាមរយៈការចេញសេចក្តីថ្លែងការណ៍របស់អាស៊ាននិងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខអ៊ិនធឺណេត”។
សេចក្តីថ្លែងការណ៍នេះនឹងត្រូវចេញផ្សាយនៅថ្ងៃសៅរ៍ហើយចំណងជើងរបស់វានឹងត្រូវបានធ្វើបច្ចុប្បន្នភាពអាស្រ័យលើការចរចា។
ប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានបានទទួលរងនូវការវាយប្រហារតាមអ៊ីនធឺណេតដ៏អាក្រក់បំផុតនៅពេលពួក Hacker លួចព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សប្រហែល១.៥លាននាក់រួមទាំងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ផងដែរពីទិន្នន័យសុខភាពរបស់រដ្ឋាភិបាលកាលពីខែកក្កដា។
សេចក្តីថ្លែងការណ៍នេះក៏សំដៅលើសេចក្តីព្រាងដំបូងដើម្បីចាប់ផ្តើមចរចាអំពីក្រមសីលធម៌នៅសមុទ្រចិនខាងត្បូងផងដែរដែលជាកន្លែងចិននិងប្រទេសអាស៊ីអាគ្នេយ៍បានទាមទារកោះដែលត្រួតស៊ីគ្នា។
វាបាននិយាយថា សេចក្តីព្រាងនេះត្រូវបានឈានដល់នៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Changsha នៃប្រទេសចិនកាលខែមិថុនា។ សេចក្តីព្រាងនេះនឹងបង្កើតមូលដ្ឋានសម្រាប់ការពិភាក្សាបន្ថែមទៀតមុនពេលឈានដល់ការសម្រេចចុងក្រោយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments