ក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿងទៅកាន់ប្រទេសលីប៊ីក្នុងការបង្ហាញកម្លាំងដើម្បីធានាការដោះលែងជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិតរួមជាមួយជនជាតិហ្វីលីពីន៣នាក់ទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
ក្រុមមន្ត្រីបាននិយាយថា នាវាទម្ងន់៤,០០០តោនឈ្មោះថា Munmu the Great ដែលចូលរួមក្នុងប្រតិបត្តិការប្រឆាំងចោរកម្មតាមសមុទ្រនៅក្នុងឈូងសមុទ្រ Aden គឺកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសលីប៊ី។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយដោយមិនលម្អិតថា ក្រៅពីការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារនាវាពាណិជ្ជកម្ម, នាវាចម្បាំងមួយគ្រឿងនេះក៏កំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពទាំងអស់រួមទាំងតម្រូវការសម្រាប់ការគាំទ្រផ្នែកយោធាផងដែរ។
វិស្វករជនជាតិហ្វីលីពីនចំនួន៣នាក់និងកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារមួយលើទីតាំងគម្រោងទឹកមួយនៅភាគខាងលិចប្រទេសលីប៊ីកាលពីថ្ងៃទី៦កក្កដា។
រដ្ឋាភិបាលរបស់ពួកគេបានបញ្ជាក់ថា ពួកគេបានបង្ហាញខ្លួននៅក្នុងវីដេអូដែលត្រូវចែករំលែក លើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ។ វីដេអូដែលក៏ត្រូវបានបង្ហោះដោយក្រុម SITE Intelligence ផងដែរនោះបានបង្ហាញថា បុរសទាំងបួននិយាយមុខកាមេរ៉ាជាភាសាអង់គ្លេស។
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនលោក Elmer Cato បាននិយាយថា “ស្ថានទូតហ្វីលីពីននៅទីក្រុងទ្រីប៉ូលីបានបញ្ជាក់ថា បុរសបីនាក់នៅក្នុងវីដេអូនោះគឺជាវិស្វករហ្វីលីពីនទាំង៣ដែលត្រូវបានចាប់ខ្លួនដោយក្រុមបុរសប្រដាប់អាវុធក្នុងប្រទេសលីប៊ីកាលពីខែមុន”។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីរបស់ក្រុងសេអ៊ូលបាននិយាយថា “រដ្ឋាភិបាលកំពុងធ្វើឲ្យបានល្អបំផុតជាមួយនឹងធនធានទាំងអស់ដែលប្រទេសនេះមាន”។
គួរបញ្ជាក់ថា ចាប់តាំងពីអតីតមេដឹកនាំផ្តាច់ការលីប៊ីលោក Moamer Kadhafi ត្រូវបានបណ្តេញចេញពីអំណាចនិងត្រូវសម្លាប់នៅក្នុងឆ្នាំ២០១១មក កម្មករបរទេសនិងបេសកកម្មការទូតជាញឹកញាប់ត្រូវបានកំណត់គោលដៅដោយពួកសកម្មប្រយុទ្ធឬពួកជីហាដនិយមដូចជាក្រុមរដ្ឋឥស្លាមជាដើម៕ AFP
Source: Kampuchea Thmey Daily
0 Comments