Ad Code

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​វិលត្រឡប់​ពី​ការឈប់​សម្រាក​ដើម្បី​សម្រាលកូន



នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern បាន​វិល​ត្រឡប់មក​ធ្វើការ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រយៈពេល​៦​សប្តាហ៍​ បន្ទាប់ពី​បានផ្តល់​កំណើត​ដល់​កូន​ដំបូង​របស់លោក​ស្រី​ដោយ​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ដែល​ឈប់សម្រាក​ដើម្បី​សម្រាលកូន ​ខណៈពេល​កំពុង​កាន់តំណែង។

​ការ​មាន​ផ្ទៃពោះ​របស់​នាយករដ្ឋមន្ត្រី​អាយុ​៣៨​ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​សាធារណជន​នូ​វែ​ល​ហ្សេ​ឡង់​មាន​ភាព​រំជើបរំជួល​ហើយ​ត្រូវបាន​គេ​មើលឃើញថា​ជា​និមិត្តរូប​នៃ​ភាព​រីកចម្រើន​របស់​ស្ត្រី​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​ខណៈ​លោកស្រី​បាន​ក្លាយជា​មេដឹកនាំ​ជាប់ឆ្នោត​ទី​ពីរ​បន្ទាប់ពី​លោកស្រី Benazir Bhutto របស់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​សម្រាលកូន​ខណៈ​កាន់តំណែង​ក្នុង​ឆ្នាំ​១៩៩០​។​

រដ្ឋសភា​នូ​វែ​ល​សេ​ឡង់​បានធ្វើការ​ដើម្បី​ក្លាយជា​សភា​ស្វាគមន៍​កូនក្មេង​កាន់តែខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះហើយ​កូនស្រី​របស់លោក​ស្រី Ardern ឈ្មោះថា Neve Te Aroha នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ម្តាយ​របស់​នាង​បីត្រកង​ក្នុងអំឡុងពេល​ពិភាក្សា​និង​ហែល​នៅក្នុង​អាងទឹក​ជាមួយ​កូនៗ​របស់​សមាជិកសភា​ដ​ទៃទៀត​។​

ខណៈពេល​ឈប់សម្រាក​ដើម្បី​សម្រាលកូន រដ្ឋាភិបាលចម្រុះ​ត្រូវបាន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីការបរទេស​លោក Winston Peters ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍​មួយ​នៅ​សប្តាហ៍​នេះ​។​

លោកស្រី Ardern នឹង​ចាក​ចេញពី​ស្រុកកំណើត​របស់លោក​ស្រី​គឺ​ទីក្រុង Auckland ដើម្បី​វិលត្រឡប់​ទៅកាន់​រដ្ឋធានី Wellington នៅ​ថ្ងៃ​សៅរ៍​។ ដៃគូរ​របស់លោក​ស្រី​គឺ​លោក Clarke Gayford នឹង​មើល​ថែកូន​ពេញ​ម៉ោង​ខណៈពេលដែល​លោកស្រី​ចូលកាន់​តំណែង​ក្នុង​សភា​នៅ​ថ្ងៃ​ចន្ទ​។​

ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃអាទិត្យ លោកស្រី Arder បាន​ឱប​ទារក Neve ហើយ​បាន​គូសបញ្ជាក់​អំពី​ផែនការ​ផ្តោតលើ​សុខភាព​ផ្លូវចិត្ត បរិយាកាស ពាណិជ្ជកម្ម​និង​សេចក្តីប្រកាស​ទាក់ទង​នឹង​ការងារ​នៅពេល​លោកស្រី​វិលត្រឡប់​ទៅធ្វើ​ការ​វិញ​។​

ប៉ុន្តែ​លោកស្រី​ក៏​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដូចជា​ការធ្លាក់ចុះ​នៃ​ទំនុកចិត្ត​អាជីវកម្ម​ជាដើម​ដែល​អ្នកសេដ្ឋកិច្ច​មាន​ក្តី​ព្រួយបារម្ភ​ថា​វា​អាច​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​និង​គំរាមកំហែង​ដល់​ប្រាក់ខែ​របស់​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា​៕ REUTERS




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu