កណ្ដាល ៖ ក្រសួងធនធានទឹក ក៏ដូចជា អាជ្ញាធរខេត្តកណ្ដាល សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេបាសាក់ទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ ដែលកម្ពស់ទឹកអាចឡើងខ្លាំងហួសពីការប្រកាសអាសន្ន។ ដូច្នេះហើយគួរបងប្អូនប្រជាពលរដ្ឋសម្លឹងរកទីទួលខ្ពស់សម្រាប់ជម្លៀសខ្លួននិងសត្វពាហណៈអោយបានសមរម្យដល់អាយុជីវិត។
បើយោងតាមតួលេខរបស់ក្រសួងធនធានទឹកគិតចាប់ពីថ្ងៃ ទី២ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹក ថ្ងៃ២សីហា(ព្រឹក) ១-ទន្លេមេគង្គ៖ -ព្រឹកនេះ ១០.៨០ម -ល្ងាចម្សិល ១០.៩៣ម ស្រក០.១៣ម ២-ទន្លេសេសាន៖ -ព្រឹកនេះ ៨.៣៣ម -ល្ងាចម្សិល ៨.៦២ម ស្រក ០.២៩ម ៣-ទន្លេសេកុង៖
-ព្រឹកនេះ ៩.៣០ម -ល្ងាចម្សិល៩.៩៦ម ស្រក ០.៦៦ម ៤-ទន្លេបាសាក់ល្ងាចថ្ងៃទី១ខែសីហាទឹកឡើងដល់៧,៤៦ម លុះព្រឹកថ្ងៃទី២សីហា ទឹកឡើងដល់៨.០៦ម។
បើតាមការព្យាករណ៍ឧតុនិយមវិញ នៅតាមបណ្ដោយទន្លេបាសាក់គិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៨នេះ កម្ពស់ទឹកអាចកើនឡើងដល់៧,៥៣ម៉ែត្រ ដល់៧,៦៣ ម៉ែត្រ។ ស្ថានភាពទឹកហក់ឡើងបែបនេះ ទើបអាជ្ញាធរខេត្តកណ្ដាលក៏ដូចជាក្រសួងធនធានទឹក សូមប្រកាសដល់បងប្អូនរស់នៅតាមបណ្ដោយមាត់ទន្លេបាសាក់ទាំងអស់មេត្តាមានការប្រុងប្រយ័ត្ន។
លោក ជា វិបុល រស់នៅភូមិកោះគ និងអ្នកស្រី សុខ វ៉េង នៅភូមិកោះរំដួល ឃុំរកាខ្ពស់ស្រុកស្អាងបានឲ្យដឹងថា ពួកគាត់រស់នៅតាំងពីឆ្នាំ២០០០មកម្ល៉េះ មិនដែលមានបាតុភូតដូចនេះទេ ឥឡូវទឹកស្ទើរតែលិចផ្លូវ លិចភូមិអស់ទៅហើយ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង។
លោក ជឺ គីមហៃ អភិបាលរងស្រុកស្អាងបានឲ្យដឹងថា ដោយសារទឹកបានហក់ឡើងយ៉ាងឆាប់រហ័សបែបនេះ គឺហួសពីការប្រកាសអាសន្នទៅទៀត ដូច្នេះប្រជាពលរដ្ឋដែលទទួលរងគ្រោះមុនគេ គឺឃុំរកាខ្ពស់ ឃុំកោះខ្សាច់ជន្លា ឃុំទឹកវិល និងឃុំកោះខែល ហើយលោកបានស្នើឲ្យក្រសួងធនធានទឹកយកម៉ាស៊ីនបូមទឹកមកជួយសង្គ្រោះផងដែរ។
ដោយឡែកលោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលវិញ មិនបានឆ្លើយតបជុំវិញបញ្ហានេះទេ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ខណៈអ្នកសារព័ត៌មានទូរស័ព្ទសម្ភាសន៍ជាប់រវល់រហូត៕
Source: Kampuchea Thmey Daily
0 Comments