ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា បើទោះបីនៅក្នុងរដ្ឋសភា មានតែគណបក្សប្រជាជនកម្ពុជាមួយក៏ដោយ ប៉ុន្តែនេះជាលទ្ធផលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច្នេះមិនអាចនិយាយថា មិនអាចនិយាយថា ជាសភាឯកបក្សបានទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងបែបនេះ បន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាអាចនឹងគ្រប់គ្របអាសនៈទាំងអស់នៅក្នុងសភា ហើយក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំងបានរិះគន់លើករណីនេះ។
លោក សុខ ឥសាន លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ មានការចូលរួមពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងច្រើនកុះករហួសពីការស្មាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ឬបាតុភាពអសកម្មអ្វីឡើយ។
លោកបន្តថា ការបោះឆ្នោតមានការចូលរួមប្រកួតប្រជែងរវាងគណបក្សចំនួន២០ ដែលឆ្លុះបញ្ចាំងថា ជាប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
តាមលោក សុខ ឥសាន ឆ្លងកាត់ការបោះឆ្នោត ប្រជាពលរដ្ឋកម្ពុជាជាង៨២ ភាគរយ បានសម្រេចឆន្ទៈរបស់ខ្លួនគាំទ្រជាឯកច្ឆន្ទ ឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេសទៅអនាគតទៀត ដើម្បីបន្តរក្សាការពារ សន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុភមង្គលជូនប្រជាជន។ ទោះបីនៅក្នុងរដ្ឋសភា មានតែគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏នេះ គឺជាលទ្ធផលចេញមកពីការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្ស។ ការសម្រេចយ៉ាងណា អាស្រ័យលើសិទ្ធិប្រជាធិបតេយ្យគ្មានជម្រើសណាក្រៅពីគោរពតាមការសម្រេចចិត្តរបស់ប្រជាជនភាគច្រើនលើសលុបនៃប្រទេសឡើយ។ មិនអាចនិយាយថា ជាសភាឯកបក្សបានជាដាច់ខាត។
លោក សុខ ឥសាន បញ្ជាក់ថា ក្នុងលក្ខណៈនេះ រដ្ឋសភាកាន់តែមានភាពងាយស្រួលក្នុងការបំពេញការងារ ដោយរលូន ដោយគ្មានឧបសគ្គដូចពេលមុនៗ ដែលមានអតីតបក្សប្រឆាំងចាំតែរារាំងកិច្ចការងាររបស់រដ្ឋសភា ដោយម្តងពហិការ ម្តងចូលប្រជុំ ម្តងអវត្តមានយ៉ាងអនាធិបតេយ្យ គ្មានវិន័យអ្វីទាល់តែសោះ ហើយយអួតខ្លួនថា ប្រជាធិបតេយ្យ ប៉ុន្តែក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ពិតជាអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបណ្តានីតិវិធីជាធរមាន ដើម្បីធានាបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និងមានគុណភាពបក្នុងការបម្រើប្រជាជនកម្ពុជាទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត មិនឲ្យខកបំណងឡើយ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តាវិធានការណ៍ ដែលបានលាតត្រដាង ជាចំហជូនម្ចាស់ឆ្នោតរួចហើយ៕
Source: Kampuchea Thmey Daily
0 Comments