ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ បានបង្ហាញឲ្យពិភពលោកឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរទាំងមូល ដូច្នេះដើម្បីបន្តពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្រួបបង្រួម និងឯកភាពជាតិ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ កុំចោទប្រកាន់ ឬ លាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យរបស់ជាតិខ្មែរទាំងមូល។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។ សម្តេចបានបញ្ជាក់យ៉ាងនេះថា “ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅនេះ បានបង្ហាញដល់ពិភពលោកឲ្យឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌”។
តាមសម្តេចក្រឡាហោម ស ខេង “ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋច្រើនជាង៨២ភារយ នៃអ្នកមានឈ្មោះបោះឆ្នោត នាពេលកន្លងទៅនេះ ក៏បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ និងបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការគាបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ក្នុងបរិបទនេះ ដើម្បីបន្ត និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្រួបបង្រួម និងឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យនេះ គឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល”។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួម ហើយជាលទ្ធផល មានប្រជាពលរដ្ឋកម្ពុជាបានអញ្ជើញទៅបោះឆ្នោតចំនួន៦.៩៤៦.១៦៤នាក់ ដែលស្មើនឹង៨២,៨៩ ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៨.៣៨០.២១៧នាក់។ ក្រោយការបោះឆ្នោតភ្លាម អ្នកសង្កេតការណ៍ជាតិ អន្តរជាតិបានវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបញ្ចប់ក្រោមបរិយាកាសល្អ រលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ និងមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ៕
Source: Kampuchea Thmey Daily
0 Comments