ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ (U19) នឹងត្រូវប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់ JFL Selection (Japan Football League ហៅកាត់ថា JFL) មកពីប្រទេសជប៉ុន នៅល្ងាចថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨នេះ ខណៈក្រុមនេះមានសមាជិកភាគច្រើនមកពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ការប្រកួតនេះត្រូវធ្វើឡើងនៅវេលាម៉ោង៥ល្ងាចលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ទស្សនិកជនអាចចូលទស្សនាការប្រកួតនេះបានដោយសេរីផងដែរ។ ចំពោះក្រុម U19កម្ពុជា កំពុងតែដឹកនាំដោយលោក Musashi Mizushima ដែលជាគ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិបាទី ខណៈក្រុមនេះទើបតែបញ្ចប់បេសកកម្មក្នុងកម្មវិធីប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី ដោយធ្លាក់ត្រឹមវគ្គជម្រុះតាមពូល។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC ធ្លាប់បានលើកឡើងថា «សហព័ន្ធកីឡាបាល់ទាត់ជប៉ុន បញ្ជូនក្រុមកីឡាករបាល់ទាត់ JFL Selection Team មានន័យថា ក្រុមជម្រើសលីគជប៉ុន តែម្ដង ហើយធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅប្រទេសកម្ពុជា ដោយភាគីជប៉ុន ក៏សូមមានការប្រកួតមិត្តភាពជាមួយក្លិបកំពុងឈរទីកំពូលនៅកម្ពុជា មានន័យថាក្លិបបឹងកេត ហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា។ មុនជួបជាមួយបឹងកេត នេះដែរក្រុម JFL Selection Team ក៏នឹងត្រូវជួបជាមួយ U19 បាទី ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុនដែរ»។
ក្រោយប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុម U19កម្ពុជា នេះក្រុម JFL Selection Team ត្រូវបន្តប្រកួតមួយលើកទៀតថ្ងៃអាទិត្យ ទី០៥ ខែសីហា ដោយប៉ះក្រុមកំពូលតារាងលីគកំពូលកម្ពុជាគឺក្រុម បឹងកេតអែហ្វស៊ី ដោយប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដូចគ្នា។
កម្ពុជា និងជប៉ុន មានប្រវត្តិទំនាក់ទំនងគ្នាជាមួយជាច្រើននៅក្នុងវិស័យបាល់ទាត់ជាក់ស្តែងខាងជប៉ុនធ្លាប់បានគ្រូបង្វឹកចំនួន៣លើក ហើយមកជួយបង្វឹកដល់សាលាបាល់ទាត់ជាតិកម្ពុជា ក្នុងគោលដៅពង្រឹងធនធានមនុស្សនៅឆ្នាំ២០២៣ ខាងមុខ ខណៈជប៉ុនក៏បានមកវិនិយោគបង្កើតក្លិបបាល់ទាត់ចំនួន២នៅក្នុងលីគកំពូលកម្ពុជាគឺក្លិបសូលទីឡូអង្គរ និងក្លិបអង្គរថាយហ្គឺរ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments