ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានថៅកែរបស់ខ្លួនតាមទាន់ចាប់ខ្លួនឲ្យប៉ូលិសមូលដ្ឋាន ចាត់ការតាមច្បាប់ចោទពីបទលួចម៉ូតូពីខណ្ឌសែនសុខ និង តាមចាប់ខ្លួនបានភ្លាមៗនៅឃ្លាំងរំសេវ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។
ជនជាប់ចោទជាចោរដែលបានឃាត់ខ្លួនខាងលើឈ្មោះ ពៅ សុផល អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅម្តុំភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ សុផល នេះត្រូវបានឃាត់ដោយដើមចោទឈ្មោះ ឈុន រ៉ាវុធ ភេទប្រុស អាយ៣៩ឆ្នាំ មុខរបរបើកសិប្បកម្ម ផ្នែកផ្សារដែក ធ្វើទ្វារ ប្រក់ដំបូលផ្ទះ.. មានទីលំនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមការរៀបរាប់ក្នុងបណ្តឹងរបស់ដើមចោទ ជាម្ចាស់ម៉ូតូបានបញ្ជាក់ថា មុនពេលកើតហេតុមួយថ្ងៃគឺថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះពៅ សុផល ខាងលើបានមកសុំគាត់ធ្វើការ (កូនជាង) ដោយមានការអាណិតក៏បានអនុញ្ញាតឲ្យគាត់ធ្វើតាមសំណើ។
ដើមចោទបានបន្តថា លុះស្អែកឡើងថ្ងៃទី០២ វេលាម៉ោង៧ព្រឹក គេក៏បានមកធ្វើការតាមការសន្យា ពេលភ្លាមៗនោះគាត់ក៏បានឲ្យជននេះ ជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ទ.៣៤៩៧ ភព របស់គាត់ទៅធ្វើការជាមួយឈ្មោះថន (ឌុបគ្នា) ចេញពីផ្ទះគាត់សង្កាត់ក្រាំងធ្នង់ឆ្ពោះទៅកន្លែងធ្វើការប្រក់ដំបូលផ្ទះឲ្យគេមួយកន្លែងនៅក្នុងភូមិ ដោយឲ្យឈ្មោះ ថន ជាអ្នកឌុប។
ប្រភពដដែលបានបន្តថា មួយស្របក់ក្រោយមក ឈ្មោះ ថន បានចុះមកមើលម៉ូតូ ស្រាប់តែបាត់ ហើយក៏បាត់មុខឈ្មោះ ពៅ សុផល នោះដែរ ទើបទូរស័ព្ទប្រាប់មកគាត់ជាម្ចាស់ឲ្យដឹង។ ភ្លាមៗនោះគាត់ក៏បានណែនាំឲ្យឈ្មោះថន ផ្អាកការងារជាមួយ ឈ្មោះ រតនា ដើររកម៉ូតូនៅម្តុំកុងស៊ី បញ្ចាំម៉ូតូនៅឃ្លាំងរំសេវ ខណ្ឌទួលគោក ទើបប្រទះឃើញជនឈ្មោះ ពៅ សុផល កំពុងនៅទីនោះបំរុងយកម៉ូតូនេះមកបញ្ចាំមែន ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសមូលដ្ឋាន សង្កាត់ទឹកល្អក់៣ ចាត់ការតាមច្បាប់ បន្ទាប់មកប៉ូលិស ខណ្ឌទួលគោកបានប្រគល់ជនជាប់ចោទរូបប្រគល់ទៅឲ្យខណ្ឌសែនសុខវិញ ជាម្ចាស់ករណី(ដើមហេតុ)៕
Source: Kampuchea Thmey Daily
0 Comments