Ad Code

អាហ្វ្រិក​ខាងត្បូង​បើក​ការស៊ើបអង្កេត​អំពើពុករលួយ​ថ្នាក់​កំពូល



ការស៊ើបអង្កេត​របស់​តុលាការ​ទាក់ទង​នឹង​អំពើពុករលួយ​ក្នុង​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​គ្រោង​នឹង​បើក​នៅ​ថ្ងៃ​ចន្ទ​នៅពេលដែល​សវនាការ​ជា​សាធារណៈ​លើកដំបូង​បាន​ចាប់ផ្តើម។

សវនាការ​របស់​ក្រុមប្រឹក្សា​មួយ​ដែល​ដឹកនាំ​ដោយ​ចៅក្រម​ជាន់ខ្ពស់​បំផុត​លំដាប់​ទី​ពីរ​របស់​ប្រទេស​នេះ​គឺ​អនុប្រធាន​តុលាការ​យុត្តិធម៌​លោក Raymond Zondo គឺ​នឹង​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពី​អំពើពុករលួយ​និង​ការ​ក្លែងបន្លំ​នៅក្នុង​វិស័យ​សាធារណៈ​ក្នុងអំឡុងពេល​ការ​កាន់តំណែង​របស់​អតីត​ប្រធានាធិបតី​លោក Jacob Zuma​។

ថ្វីបើ​ក្រុមប្រឹក្សា​នេះ​មិនមាន​អំណាច​ក្នុងការ​ចាប់ខ្លួន​ឬ​ផ្តន្ទាទោស​ក៏ដោយ​ប៉ុន្តែ​ភស្តុតាង​ដែល​ខ្លួន​ប្រមូលបាន​គឺអាច​ត្រូវបាន​ប្រើ​នៅក្នុង​ការកាត់ទោស​នាពេល​អនាគត​។​

លោក Zuma បាន​ចាត់តាំង​ការស៊ើបអង្កេត​ផ្នែក​យុត្តិធម៌​ចូលទៅក្នុង​អំពើពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​កាលពី​ខែមករា​តាម​បញ្ជា​របស់​តុលាការ​ជាន់ខ្ពស់​។​

មួយខែ​ក្រោយមក​ពោលគឺ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ គាត់​ត្រូវបាន​បង្ខំ​ឲ្យ​លាឈប់​ពី​តំណែង​ដោយសារតែ​ការរិះគន់​យ៉ាងខ្លាំង​ពី​គណបក្សកាន់អំណាច ANC លើ​រឿងអាស្រូវ​ពុករលួយ​ជាច្រើន​។​

អំពើពុករលួយ​របស់​រដ្ឋ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី ២​ឆ្នាំមុន​ដោយ​អតីតមន្ត្រី​ស៊ើបអង្កេត​លោកស្រី Thuli Madonsela ដែល​បានចេញ​របាយការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​រក​យុ​តិ្ត​ធម៌​ចូលក្នុង​ទំនាក់ទំនង​របស់លោក Zuma ជាមួយ​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​។​

លោក Zuma ត្រូវបាន​គេ​ចោទប្រកាន់ថា លម្អៀង​ទៅ Guptas ដែលជា​ក្រុមគ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​ដើមកំណើត​ឥណ្ឌា​ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឥទ្ធិពល​លើ​ការតែងតាំង​រដ្ឋាភិបាល កិច្ចសន្យា​និង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​

លោក Pravin Gordhan អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ប៉ុន្តែ​បច្ចុប្បន្ន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ក្រុមហ៊ុន​រដ្ឋ​បាន​ប៉ាន់ប្រមាណ​ថា មូលនិធិ​រដ្ឋ​ប្រហែលជា​១០០​ពាន់​លាន​រ៉េ​ន​(​ប្រហែល​៦.៨​ពាន់​លាន​ដុល្លារ​) អាច​ត្រូវបាន​លួច​យកតាម​ការអនុវត្តន៍​ពុករលួយ​។​

មេធាវី Zondo បាន​ប្តេជ្ញា​ថា ការស៊ើបអង្កេត​ទៅលើ​អ្វីដែល​គេ​ហៅថា “state capture” នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​ដោយ​មិន​គិតពី​នរណា​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​នោះទេ​។​

អ្នក​ស្នង​តំណែង​របស់លោក Zuma ក្នុងនាម​ជា​ប្រធានាធិបតី​គឺ​លោក Cyril Ramaphosa បាន​ប្តេជ្ញា​បង្ក្រាប​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ដែល​លោក​បាន​ទទួលស្គាល់ថា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu