ភ្នំពេញ ៖ តួឯកស្រីដ៏សំខាន់ម្នាក់នៅក្នុងរឿងស្ល៊ីបភីងអ៊ិនខាំបូឌា និងរឿង ចាន់ ធីវើល បានក្លាយជាសាក្សីដោះបន្ទុករបស់លោក Jame Ricketson អាយុ ៦៩ឆ្នាំ ជនជាតិអូស្ត្រាលី ដែលបង្ហោះដ្រូនថតយករូបភាពមួយថ្ងៃមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧កន្លងទៅ។
នាង ចាន់ ធី អាយុ៣២ឆ្នាំ មានកូនប្រុសស្រីចំនួន៨នាក់ក្នុងបន្ទុក និងកំពុងពពោះកូនទី៩ គឺជាកូនធម៌របស់ជនជាប់ចោទ។ ចាន់ ធី ស្ម័គ្រចិតធ្វើជាសាក្សីដោះបន្ទុកអោយឪពុកធម៌របស់នាងបើទោះបីជានាងមានផ្ទៃពោះគ្រប់ខែពិបាកក្នុងការធ្វើដំណើក៏ដោយ។
ក្នុងសវនាការនាល្ងាចថ្ងៃទី ២០សីហា ឆ្នាំ២០១៨នេះ ចាន់ ធី បានចូលមកតុលាការឆ្លើយបំភ្លឺការពារផលប្រយោជន៍អោយលោកJame។
ក្នុងសវនាការ ចាន់ ធីបាននិយាយថា នាងបានស្គាល់លោកឳពុកធម៌គឺលោកជេម តាំងពីនាងនៅមានអាយុ១០ឆ្នាំ កំឡុងពេលដែលនាងនិងម្ដាយបានមកសុំទាននៅក្បែរផ្សាថ្មី។ ពេលនោះលោកជេមបានផ្ដល់អោយនាងនូវលុយកាក់មួយចំនួនដើម្បីព្យាបាលភ្នែក និងទិញអាហារ។ បន្ទាប់មកលោកជេម បានជួលផ្ទះអោយក្រុមគ្រួសារនាងស្នាក់នៅ និងជួយលុយអោយម្ដាយនាងលក់ដូរហើយឈប់ដើរសុំទានគេ។
ចាន់ ធី បានបន្តទៀតថា រាល់សកម្មភាពរបស់ក្រុមគ្រួសារនាងតាំងពីគ្រាដំបូងលោកជេមបានសុំម្ដាយនាងថតជារូបភាពក៏មាន ថតជាវីដេអូរក៏មាន។ រហូតដល់នាងមានអាយុ១២ឆ្នាំឪពុកបង្កើតរបស់នាងបានស្លាប់ ពេលនោះនាងបានសុំលោកជេមធ្វើជាឪពុកធម៌ ហើយម្ដាយនាងបានអនុញាតអោយ។ ចាប់តាំងពីពេលនោះមក លោកជេមបានផ្ដល់លុយកាក់អោយក្រុមគ្រួសារនាងវិលទៅស្រុកកំណើតខាងប្ដីនៅស្រុកកំចាយមា ខេត្តព្រៃវែង ដើម្បីរកស៊ីលក់ដូរ អោយកូនៗទៅសាលារៀន និងប្ដីរបស់នាងមានមុខរបររត់តុតុ ចិញ្ចឹមសត្វ ហើយផ្ដល់លុយអោយក្នុងមួយសប្ដាហ៍ចំនួន១១០ដុល្លារទៀតរហូតដល់ថ្ងៃសមត្ថកិច្ចចាប់ខ្លួនលោកជេមនៅខែមិថុនា ឆ្នាំ២០១៧នៅក្បែរព្រះគម្លង់។
នៅពេលត្រូវបានចៅក្រមតុលាការសួរថា តើនាងបានដឹងទេថា នាងក្លាយជាតួឯកក្នុងរឿងស្ល៊ីបភីងអ៊ីនខាំបូឌា និងរឿង ចាន់ធីវើលរបស់លោកជេមដែរ ឬ អត់ ? ចាន់ ធីឆ្លើយថា នាងអត់ដឹងទេ!
ចាន់ធី និយាយថា លោកជេមបានថតរូបជាវីដេអូររបស់នាង និងក្រុមគ្រួសារគ្រប់ទីកន្លែង ប៉ុន្តែនាងមិនដឹងថាឪពុកធម៌ថតភាពយន្តទេ។
លោកជេម បានផ្ដល់ចម្លើយខ្លីថា ក្នុងការថតភាពយន្តឯកសាររឿងស្ល៊ីបភីងអ៊ិនខាំបូឌា គឺបានមូលនិធិពីទូរទូរទស្សន៍ABC របស់ចក្រភពអង់គ្លេស។ ចំណែករឿងចាន់ធីវើលមិនទាន់បានបញ្ចប់ទេក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។
សំណុំរឿងដ៏អន្លាយនេះតុលាការកំណត់យកថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រចុងសប្ដាហ៍នេះ ដើម្បីបញ្ចប់សវនាការ។
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបន្តជំនុំជម្រះលើសំណុំរឿងបុរសជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងបទចោទ ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ។
លើសំណុំរឿងជនបរទេសរូបនេះដែរ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ២០១៧ កន្លងទៅ តុលាការបានសម្រេចឃុំខ្លួនបុរសជនជាតិអូស្ត្រាលីរូបនេះ ដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពីបទ ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មាន វិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments