Ad Code

សមាគម​គ្រូពេទ្យ​កម្ពុជា​បើក​សន្និស័ទ​លើក​ទី​២​ ក្រោម​ប្រធានបទ​(​ភាព​ចុះ​ខ្សោយ​របស់​ទារក​ជុំវិញ​កំណើត)



ភ្នំពេញ ​៖ ​ដើម្បី​កាត់បន្ថយ​នូវ​អត្រា​មរណៈ​របស់​ម្តាយ​ និង​ទារក​នោះ ​សមាគម​គ្រូពេទ្យ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែសីហា ​ឆ្នាំ​២០១៨​នេះ ​បាន​បើក​សន្និសីទ​លើក​ទី​២​ ក្រោម​ប្រធានបទ​(​ភាព​ចុះ​ខ្សោយ​របស់​ទារក​ជុំវិញ​កំណើត​)​ ដែល​ពិធី​នោះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​Sofitel ដែលមាន​ការចូលរួម​ពី​គ្រូពេទ្យ​គ្រប់​​ជំនាញ​ ពិសេស​គ្រូពេទ្យ​ផ្នែក​ម្តាយ​ និង​ទារក​ជាង​២០០​នាក់​ មកពី​មន្ទីរពេទ្យ​ជាតិ​គ្រប់​ខេត្ត​ក្រុង ​ក្រោម​អធិបតីភាព​លោក​ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ​និង​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត។

លោកស្រី សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ជា​ប្រធាន​សមាគមន៍​គ្រូពេទ្យ​ទារក​កម្ពុជា ​និង​ជា​ប្រធាន​ផ្នែក​ប្រពោធនកម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​មានប្រសាសន៍ថា ​ទិវា​សន្និសីទ​ក្រោម​ប្រធានបទ​(​ភាពចុះ​ខ្សោយ​របស់​ទារ​ក​ជុំវិញ​កំណើត​)​ជា​ប្រធានបទ​ដ៏​សំខាន់បំផុត​ព្រោះ​ភាពចុះ​ខ្សោយ​របស់​ទារក​ក្នុងពេល​កើតជា​មូលហេតុ​ទី​២​នៃ​កា​ស្លាប់​របស់​ទារ​ក​នៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ទារក​ចាប់កំណើត​មក​មិន​គ្រប់​ខែ​។​

លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​បាន​បន្តទៀត​ថា ស​ន្និសីទ​នេះ​ មាន​គោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង​បន្ថែម​លើ​បញ្ហា​ប្រឈម​ និង​ភាព​ខ្សោយ​របស់​ទារក​ ​​ដែល​ទី​១​បញ្ហា​ប្រឈម​របស់​ម្តាយ​និង​របស់​ទារក ​ទី​២​ការតាមដាន​ឲ្យ​បានល្អ​មុនពេល​សម្រាល ​និង​ពេល​កំពុង​សម្រាល ​ទី​៣​ការប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ​រវាង​គ្រូពេទ្យ ម្តាយ និង​ទារក​ដើម្បី​ធ្វើការ​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។​

ដោយយោង​តាមរយៈ​ការបង្ហាញ​របស់​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​ពី​ការព្យាបាល​ពិសេស​ចំពោះ​ទារក​ដែល​កើតមក​ខ្សោយ​នឹង​ផ្តល់​នូវ​ចំណេះដឹង​និង​បទពិសោធន៍​ថ្មីៗ​បំផុត​ដល់​គ្រូពេទ្យ​ជំនាញ​ទាំងអស់​ដើម្បី​យក​ទៅ​អនុវត្ត​​​តាម​បណ្ដា​មន្ទីរពេទ្យ​របស់​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​មរណភាព​ទារក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ។

ជាមួយគ្នា​នោះដែរ​ លោក​ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា ​ឱកាស​ដ៏​វិសេសវិសាល​នេះ​ពិត​ជា​មាន​សារៈសំខាន់​ថ្លៃថ្លា​បញ្ជាក់​អំពី​សាមគ្គី​ភាពល្អ​ពី​ជំនាញ​នីមួយៗ​ជាពិសេស​ជំនាញ​ម្តាយ​និង​ទារក​ដូចជា​ការធ្វើ​បទ​បង្ហាញ​ជាច្រើន​ព្រមទាំង​ការពិភាក្សា​ដកស្រង់យក​បទពិសោធន៍​​​ពីគ្នា​ទៅវិញទៅមក​ដើម្បី​ដំណើរការ​ឲ្យ​ជឿនលឿន​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​ក្នុងការ​កាត់បន្ថយ​មរណៈ​របស់​ម្តាយ​និង​ទារក​។​

លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក៏បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ​កម្មវិធី​និង​សមាគម​គ្រូពេទ្យ​ទារក​ផ្ទាល់​ដែល​តែងតែ​រួបរួម​គ្នា​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្លាសប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ​ និង​ជឿនលឿន​ដែល​អាច​ជួយ​ឲ្យ​វិស័យ​សុខមាលភាព​ដល់​ទារក​និង​មាតា​កាន់តែ​ប្រសើរ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu