Ad Code

ការ​ប្រឡង​ទុតិយភូមិ​ ឆ្នាំ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២០​ សីហា ​ជាមួយ​នឹង​បេក្ខជន​ជាង​២​​ម៉ឺន​នាក់



ភ្នំពេញ ៖ តាម​អ្វី​ ដែល​បាន​គ្រោងទុក​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំនេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ​ខែ​សីហា ជាមួយ​នឹង​បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន​រហូតដល់​ជាង​២​​ម៉ឺន​នាក់។

នេះ​បើតាម​ការបង្ហាញ​អោយដឹង ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការអង្កេត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៧ _២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩ សីហា​នេះ។

លោក​ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍​អោយ​ដឹង​ថា គ្រប់​បេក្ខជន​ប្រឡង​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធ​នានា បើ​ធ្វើ អោយ​បែកធ្លាយ​វិញ្ញាសា​​ជា​សាធារណៈ​នោះ គឺ​ជាប់ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសា​​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​អោយ​ខាន​តែ​បាន​។ ភាព​សំងាត់ នៃ​វិញ្ញាសា​ប្រឡង ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​អោយ​បេក្ខជន​ប្រឡង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រួ​អនុរក្ស និង​អ្នក​ពាក់ព័ន្ធ​នានា ហាម​ដាច់​ការ​ថត​វិញ្ញាសា​ និង​ការ​រក្សា​ភាព​សំងាត់​នៃ​វិញ្ញាសា​ ដែល​សូម្បីតែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត អោយ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់បាន ក៏ត្រូវ​មានទោស​ដូចគ្នា​ដែរ។

លោក​បាន​បន្តថា ការប្រឡង​នេះ​ត្រូវ​ប្រកាន់​ពាក្យស្លោក​មួយ​ថា អ្នកចេះ​គឺ​ប្រឡង​ជាប់​។ យើង​បាន​រឹត​បន្តឹង​លើ​ការងារ​ប្រឡង​នេះ​៦​ឆ្នាំ​ហើយ​បើ​គិត​ទាំង​ឆ្នាំនេះ ដោយ​អនុវត្ត​ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល។

លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ បាន​ស្នើ ឲ្យ​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ និង​សមត្ថកិច្ច ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅ​ទទួល​បាន​ភាព​ល្អប្រសើរ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំនេះ មាន​​មណ្ឌល​ប្រលង​ចំនួន​២៥​មណ្ឌល មាន​ចំនួន​៩១៣​បន្ទប់​និង​មាន​បេក្ខជន​ប្រឡង​ចំនួន​២២៧៧៨​នាក់ ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​ចូលរួម ការពារ​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu