Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ថ្លែងអំណរគុណ​នាយករដ្ឋមន្ត្រី ថៃ និង វៀតណាម



​ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង លោក ង្វៀង ស៊ួ​ន​ហ៊្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច​ស​ម្រា​ប់​ការ​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៩ ខែកក្កដា ២០១៨។

នៅក្នុង​សារលិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ សម្តេច​បាន​ថ្លែងថា «​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សារ​អបអរសាទរ​របស់ ឯកឧត្តម ជូន​ចំពោះ​រូប​ខ្ញុំ ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាង ៨២ % បាន​ចេញទៅ​បោះឆ្នោត បាន​ឆ្លុះបញ្ចាំង​ពីរ​ឆន្ទៈ​ចង់បាន​សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​លើសលប់​»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា « កម្ពុជា​និង​ថៃ​មាន​ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរលង់​ណាស់​មកហើយ​។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ត្រូវ​បាន​ពង្រឹង​លើ​គ្រប់​វិស័យ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ភាពជា​អ្នកជិតខាង​ដ៏​ល្អ មិត្ត​ភាពជា​ប្រពៃណី និង កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ថៃ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​យើង​ទាំងពីរ នឹង រួមចំណែក​ដល់​សហគម​ន៍​អាស៊ាន​នឹង​ដល់ សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​និង​ពិភពលោក​»។



នៅ​ថ្ងៃ​ដដែល​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង ស៊ួ​ន​ហ៊្វុក ដែល​បាន​ផ្ញើ​សារលិខិត​មួយ​អបអរសាទរ​ជូន​សម្តេច​ចំពោះ​ការ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅក្នុង​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨។

នៅក្នុង​សារលិខិត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ព្រះរាជាណាចក្រ​កម្ពុជា យកចិត្តទុកដាក់​បំផុត​ចំពោះ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ យើង​បានឃើញ​នូវ​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​កិច្ចប្រតិបត្តិការ​នៅលើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ​ដែល​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ន័យ​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង ស្ថិរភាព​យូរអង្វែង​»។

សម្តេច​តេ​ជោ​ហ៊ុន​សែន​បន្ត​ថា «ការអភិវឌ្ឍ​ប្រកបដោយ​ការលើកទឹកចិត្ត​នេះ​ផ្ដល់​អត្ថប្រយោជន៍​ទៅវិញទៅមក​ជួយ​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន​យើង និង រួមចំណែក​ថែមទៀត​ដល់​ស្ថិរភាព​និង​ភាពរុងរឿង​របស់​គ្រួសារ​អាស៊ាន​»។

​ជា​ចុងក្រោយ​នៃ​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា “​ខ្ញុំ​រង់ចាំ​ជួប​ឯកឧត្តម​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​លើក​ទី​២៧ នៅ​ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​”៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu