ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 ដែលបានដាក់គោលដៅ២សំខាន់ក្នុងរដូវកាលថ្មីឆ្នាំ២០១៨ នេះគឺបានបាត់បង់ឱកាសចំពោះគោលដៅទី១ បាត់ទៅហើយ ដោយនៅសល់តែឱកាស១ទៀតប៉ុណ្ណោះ ស្របពេលដែលក្លិបមិនបានប្រើប្រាស់កីឡាករបរទេសមកជួយក្រុម។
កាលពីឆ្នាំ២០១៧ កន្លងទៅលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមអគ្គីសនីកម្ពុជា បានដាក់គោលដៅដោយទី១ ធ្វើយ៉ាងណារក្សាកៅអីឲ្យគង់នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដោយមិនឲ្យធ្លាក់ទៅលីគលំដាប់ទី២ និងទី២ គឺធ្វើយ៉ាងណាឡើងឲ្យដល់វគ្គ៨ក្រុមចុងក្រោយ ប្រចាំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧។ តែជាលទ្ធផលឃើញថា ការប្រើប្រាស់កីឡាកររបស់ខ្មែរសុទ្ធពេញមួយរដូវកាលឆ្នាំ២០១៧ ក្រុមមួយនេះអាចរក្សាកៅអីក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានព្រមទាំងអាចឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ផងដែរ ប៉ុន្តែត្រូវចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គនេះ តែដណ្តើមចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាលផងដែរ ក្រោយឈ្នះបឹងកេត ដោយបាល់ប៉េណាំងទីកាត់សេចក្តី៦ទល់៥ ក្រោយស្មើគ្នា១ទល់១ ក្នុងម៉ោងប្រកួតពេញ។
ចំណែកនៅរដូវកាលឆ្នាំ២០១៨ នេះវិញលោក ប្រាក់ វុទ្ធី បានដាក់គោលដៅគឺធ្វើយ៉ាងណាឲ្យក្រុមឡើងដល់វគ្គពាក់កណ្ដាលលផ្ដាច់ព្រ័ត្រក្នុងពានសម្ដេចតេជោ ព្រោះលេងតែកីឡាករខ្មែរសុទ្ធដូចអ្វីដែលក្រុមមាន។ ចំណែកក្នុងពានលីគវិញ គោលដៅរបស់យើងគឺរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់។ គិតត្រឹមពេលនេះក្រុមអគ្គីសនីកម្ពុជា បានបាត់បង់ឱកាសក្នុងពានរង្វាន់សម្តេចតេជោ ទៅហើយក្រោយធ្លាក់ចេញតាំងពីវគ្គ១៦ក្រុមចុងក្រោយម្ល៉េះ ខណៈក្រុមនេះនៅសល់ឱកាសមួយទៀតគឺធ្វើយ៉ាងណារក្សាកៅអីឱ្យបាននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា។
បច្ចុប្បន្នក្លិបមួយនេះ បានត្រៀមរៀបចំកីឡដ្ឋានផ្ទាល់ខ្លួននៅម្ដុំទួលសង្កែ ក្នុងរាជធានីភ្នំពេញ។ ឆ្លងកាត់ការប្រកួត១៦លើកក្នុងចំណោម២២លើកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមអគ្គីសនីកម្ពុជា បានប្រកួតឈ្នះតែ១លើកហើយស្មើគ្នា២លើកនិងចាញ់១៣លើកមាន៥ពិន្ទុប៉ុណ្ណោះដោយឈរលេខរៀងទី១១ ពោលគឺនៅពីលើក្រុមបាតតារាងវេស្ទើនភ្នំពេញ ដែលមានតែ១ពិន្ទុក្នុងដៃ។ កន្លងមកក្លិបមួយនេះ ធ្លាប់បានដាក់គោលដៅនិងប្រជែងយកពាននៅឆ្នាំ២០២០ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments