បាត់ដំបង ៖ ជនសង្ស័យចំនួន ២ នាក់ ដែលជាមុខសញ្ញាចោរកម្ម ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងបានដកហូតនូវវត្ថុតាងជាច្រើនថែមទៀតផង ដែលវត្ថុតាងប្រមាណជាង២០មុខ សុទ្ធសឹងតែជារបស់កាឡៃទាំងអស់ វាផ្ទុយស្រឡះអំពីពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានអះអាងថា បាត់អស់រាប់ពាន់ដុល្លារ។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៣០ នាទីយប់សមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុយ គឹមហេង ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ក្រុមទី១៥ ភូមិព្រែកព្រះស្តេច ក្រុងបាត់ដំបង ថាមានករណីចោរចូលលួចទ្រព្យសម្បត្តិរបស់ខ្លួន។
ជនរងគ្រោះបានអះអាងថា ទ្រព្យសម្បត្តិដែលបាត់បង់ គឺប្រហែលជាម៉ោង ជាង៤ ល្ងាចដោយសារតែខ្លួនមិនបានបិទទ្វារផ្ទះ ហើយរបស់ដែលបានបាត់បង់រួមមាន ៖ ខ្សែ កប្លាទីន២ខ្សែ តម្លៃ ២៤៥០ ដុល្លារ ខ្សែដៃ ប្លាទីន១ខ្សែ តម្លៃ១៨០០ដុល្លារ កងដៃប្លាទីន១គូ តម្លៃ៤៥០ដុល្លារ ប្រាក់ដុល្លារចំនួន ២០០០ ដុល្លារ និងឯកសារប្រើប្រាស់ ផ្ទាល់ខ្លួនមួយចំនួនថែមទៀត ។
ជុំវិញបញ្ហានេះ ក្រោយពីមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ ស្នងការ អ៊ុច សុខុនរួចមក លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកំលាំងចេញប្រតិបត្តិការទាំងយប់រហូតដល់ជិតពាក់កណ្តាលអធ្រាត្រ ទើបមុខសញ្ញាសង្ស័យបានបង្ហាញខ្លួននៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅខាងមុខ បាញ់ឆែវស្រីមុំ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។
ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ វ៉ាន់ រ៉ាវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកស្នាក់នៅជាបណ្តោះអាសន្ន ក្នុងភូមិខាងលើ ព្រមទាំងបានដកហូតម៉ូតូ ស្កូពីអាយពណ៌ផ្កាឈូក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CM 8562 និងដែកពន្លាក ១ដើម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនរួមនឹងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅផ្ទះនោះមែន ប៉ុន្តែខ្លួនគ្រាន់តែមានមធ្យោបាយដឹកនាំតែប៉ុណ្ណោះ ឯម្នាក់ទៀតជាអ្នកចូលធ្វើសកម្មភាពផ្ទាល់។
ក្រោយពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៤ ខែឆ្នាំ ដដែល សមត្ថកិច្ចបានចុះឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិឡឥដ្ឋ ដូចគ្នា ដែលជននោះមានឈ្មោះ ស្វឿង ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ យកមកសាកសួរដើម្បីស្រាវជ្រាវរកវត្ថុតាង។
ទីបំផុតជនសង្ស័យរូបនេះ បាននាំសមត្ថកិច្ចចុះទៅយករបស់របរដែលខ្លួនបានលាក់ទុក ដែលក្នុងនោះមានគ្រឿងអលង្ការជាច្រើនប្រភេទ ប៉ុន្តែសុទ្ធសឹងជារបស់កាឡៃទាំងអស់ ព្រោះជនសង្ស័យបានយកទៅលក់អោយផ្ទះដូរលុយ យីហោ ៧៣ តែគេមិនយក ទើបគេបានយកទៅលាក់ទុកវិញ។
បញ្ហានេះ ស្ត្រីដែលជាជនរងគ្រោះបានបដិសេធថា មិនមែនជារបស់ខ្លួននោះទេ ប៉ុន្តែចោរបានសារភាពថា របស់ទាំងអស់នេះ គឺខ្លួនបានយកចេញមួយកាបូបពីផ្ទះនោះតែម្តង ដែលរឿងនេះ កំពុងស្ថិតក្នុងការមន្ទិលសង្ស័យទៅលើម្ចាស់ទ្រព្យ ព្រោះនៅក្នុងនោះក៏មានលិខិតលក់ និង បញ្ចាំរបស់របរជាច្រើនមុខផងដែរ៕
Source: Kampuchea Thmey Daily
0 Comments