អតីតបព្វជិតជនជាតិអូស្ត្រាលីម្នាក់ដែលត្រូវបានកាត់ទោសពីបទលាក់បាំងការរំលោភបំពានដោយអាចារ្យរំលោភកុមារដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺបានគេចផុតពីការជាប់ពន្ធនាគារនៅថ្ងៃអង្គារដោយតុលាការបានសម្រេចថា គាត់អាចទទួលទោសជាប់ឃុំក្នុងផ្ទះ។
លោក Philip Wilson បានក្លាយជាមន្ត្រីសាសនាឋានៈខ្ពង់ខ្ពស់បំផុតដែលត្រូវបានកាត់ទោសពីបទបិទបាំងការរំលោភបំពានផ្លូវភេទលើកុមារនៅពេលគាត់ត្រូវបានគេរកឃើញថាមានកំហុសក្នុងខែឧសភាពីបទលាក់បាំងឧក្រិដ្ឋកម្មដោយអាចារ្យ Jim Fletcher នៅរដ្ឋ New South Wales ។
តុលាការមូលដ្ឋាន Newcastle បានកាត់ទោសបុរសអាយុ៦៧ឆ្នាំរូបនេះឲ្យជាប់ពន្ធនាគាររយៈ១២ខែប៉ុន្តែក៏បានបង្គាប់ផងដែរថា គាត់ត្រូវបានគេវាយតម្លៃឲ្យអនុវត្តទោសនេះនៅក្នុងផ្ទះ។
ចាប់តាំងពីពេលនោះមក គាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយនៅថ្ងៃអង្គារ ចៅក្រម Robert Stone បានសម្រេចចិត្តថា គាត់នឹងមិនជាប់ពន្ធនាគារទេស្របពេលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីតុលាការថា អាយុ ស្ថានភាពផ្លូវចិត្តនិងរាងកាយរបស់គាត់ត្រូវបានគេយកមកពិចារណា។
កាសែត Newcastle Herald បានចុះផ្សាយថា ជាផ្នែកមួយនៃការឃុំឃាំងនៅទីតាំងដែលមិនត្រូវបានគេបង្ហាញ, លោក Wilson នឹងត្រូវពាក់ឧបករណ៍តាមដាន។
លោក Wilson បានលាលែងពីតំណែងជាមហាសង្ឃនាយកក្រុង Adelaide កាលពីខែមុនបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Malcolm Turnbull បានអំពាវនាវឲ្យបុរីវ៉ាទីកង់បណ្តេញគាត់។
គាត់បានបដិសេធការចោទប្រកាន់នេះជាយូរមកហើយហើយកាលពីដំបូងគាត់បានរឹងរូសនឹងការអំពាវនាវឲ្យលាឈប់ដើម្បីរង់ចាំបណ្តឹងឧទ្ធរណ៍មួយប្រឆាំងនឹងការកាត់ទោសរបស់គាត់។
លោក Stone បានរកឃើញថា គាត់មានពិរុទ្ធពីបទលាក់កំបាំងបទល្មើសដ៏ឃោរឃៅរបស់បុគ្គលម្នាក់ទៀតដើម្បីបញ្ចប់បំណងចម្បងរបស់គាត់គឺដើម្បីការពារមន្ត្រីព្រះវិហារ។
គួរបញ្ជាក់ថា ការផ្តន្ទាទោសរបស់លោក Wilson បានកើតឡើងចំពេលមានការចោទប្រកាន់ជាច្រើនដែលថា ព្រះវិហារកាតូលិកមិនអើពើនិងបិទបាំងការរំលោភបំពានលើកុមារនៅក្នុងប្រទេសអូស្ត្រាលីដែលការចោទប្រកាន់នេះក៏បានញាំញីប្រទេសដទៃទៀតផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments