ភ្នំពេញ ៖ បុរសម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលរួមនឹងបក្សពួក បានរងនូវការចោទ ប្រកាន់ថា បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ក្នុងជម្លោះពាក្យសម្តី។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ។
បុរស ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល ហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មានឈ្មោះ លន់ ស៊ីវធេង។ មុនឈានដល់ជម្លោះពាក្យសម្តី និងដកកាំភ្លើងគំរាមរកបាញ់គ្នាគេមិនដឹងថា ភាគីទាំងពីរមាន ជម្លោះ អ្វីនឹងគ្នានោះទេ។ ប៉ុន្តែបើយោងតាមវីដេអូឃ្លីប ដែលគេបង្ហោះនៅលើបណ្ដាញសង្គម គឺមន្ត្រីនគរបាលរូបនោះហៅជនរងគ្រោះ ឲ្យឈប់ តែ ជនរងគ្រោះមិនព្រម ឈប់នៅកន្លែងស្ងាត់ ធ្វើឲ្យមន្ត្រីនគរបាលរូបនោះខឹង រហូតតាម នៅ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន ខណៈដែលជនរងគ្រោះជិះម៉ូតូចូលទៅកន្លែងមានមនុស្សម្នាច្រើន ហើយក៏ត្រូវមន្ត្រីនគរបាលនិងបក្សពួកមកទាន់ រករឿង និងដកកាំភ្លើងរកបាញ់តែម្តង។
បើតាមបុរស ដែលត្រូវបានគេដកកាំភ្លើងគំរាមបាញ់នេះ បានអះអាងថា នៅមុនពេលកើតហេតុរូបគេ និងមិត្តភក្តិ បានជិះម៉ូតូនៅតាមផ្លូវស្ងាត់មួយ ស្រាប់តែក្រុមបុរសអះអាងខ្លួនថា ជានគរបាលនេះ បានជិះម៉ូតូដេញពីក្រោយ ហើយស្រែកថាចោរៗ ហើយជិះតាមពួកគេរហូត។
បុរស ដែលត្រូវគេដកកាំភ្លើងគំរាមបាញ់នាំឲ្យព្រលឹងរត់ចេញពីខ្លួននេះ បានបន្តថា បន្ទាប់ពីឃើញដូចនោះពួកគេភ័យ ហើយក៏ជិះម៉ូតូរត់មករកកន្លែងមនុស្សច្រើន ដើម្បីការពារខ្លួនតែម្តង។ បើតាមរយៈវីដេអូ ដែលប្រជាពលរដ្ឋថតបាននេះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើងអាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួក ក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ។
ប្រជាពលរដ្ឋ ដែលបានឃើញសកម្មភាពដ៏ព្រៃផ្សៃរបស់បុរសអះអាងខ្លួនជាមន្ត្រីនគរបាលនេះ បាននាំគ្នារិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពនេះ ព្រមទាំងបានអំពាវនាវឲ្យថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ មេត្តាស្រាវជ្រាវរករឿងហេតុពិត ហើយក៏សង្ឃឹមថា នឹងដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះ តាមវិន័យរបស់នគរបាលជាតិ។ ជុំវិញករណីនេះយើងមិនអាចសុំការពន្យល់ ឬបំភ្លឺពី មន្ត្រីនគរបាលរូបនោះបានទេ៕
Source: Kampuchea Thmey Daily
0 Comments