បាត់ដំបង ៖ ជនសង្ស័យម្នាក់ដែលមានមុខរបររត់តាក់ស៊ី ភ្នំពេញ ព្រៃវែង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត បាត់ដំបង ចុះឃាត់ខ្លួនដល់ខេត្តព្រៃវែង បន្ទាប់ពីជនសង្ស័យរូបនេះបានប្រព្រឹត្តនូវបទ រំលោភលើទំនុកចិត្ត នៅក្រុងបាត់ដំបង ហើយបានគេចខ្លួន អស់រយៈពេលរាប់ឆ្នាំ ទើបត្រូវតុលាការ បាត់ដំបង ចេញដីកាបង្គាប់អោយនាំខ្លួនតែម្តង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ នៃផ្នែកអនុវត្តដីកា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ជេត វណ្ណនី និងអមដំណើរ ដោយលោក វរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្រោយពីទទួលបានដីការបស់តុលាការ និងបន្ទាប់ពីបានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលបានគេចខ្លួនរួចមក លោកបានដឹកនាំកម្លាំង ចេញប្រតិបត្តិការដោយបានសហការជាមួយ កម្លាំងស្នងការ នគរបាលខេត្តព្រៃវែង ផងដែរ។
នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ៨ និង ៤០ នាទី ព្រឹក កម្លាំងបានចុះទៅកាន់ ចំណុច ទីតាំងចំណតរថយន្តតាក់ស៊ី ក្នុងទីរួមខេត្ត ព្រៃវែង ខណៈដែល ជនសង្ស័យ កំពុងរង់ចាំដឹកភ្ញៀវ ទើបសមត្ថកិច្ច បានអនុវត្តដីកាបង្គាប់អោយនាំខ្លួនលេខ៣០១ត/ព្រ18 ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ រ៉ែម សុភក្តិ នៃសាលាដំបូងខេត្តបាត់ដំបង។
ជនសង្ស័យរូបនោះមានឈ្មោះ បុល សំណាង ហៅ រាជ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយតុលាការបានចោទប្រកាន់ពីបទ (រំលោភលើទំនុកចិត្ត) ប្រព្រឹត្តនៅចំណុច ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចផ្នែកអនុវត្តដីកា បាននាំខ្លួនជនសង្ស័យខាងលើ ត្រឡប់មកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបងវិញ ដើម្បីប្រគល់ទៅអោយតុលាការអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments